Skip to content

ចំណេះដឹងទូទៅ

​​ដូច​ម្តេច​​​ដែល​​​​ហៅថា​​​​លទ្ធិ​​ប្រជាធិបតេយ្យ​​? ​ចូរ​​​បង្ហាញ​​​​ពី​​​​សារៈសំខាន់​​​​និង​​​​ការ​​​​អនុវត្ត​​ ​​របស់​​​​វា​​?

សំណួរ ៖ ​​ដូច​ម្តេច​​​ដែល​​​​ហៅថា​​​​លទ្ធិ​​ប្រជាធិបតេយ្យ​​? ​ចូរ​​​បង្ហាញ​​​​ពី​​​​សារៈសំខាន់​​​​និង​​​​ការ​​​​អនុវត្ត​​ ​​របស់​​​​វា​​?

ចម្លើយ ៖
​​លទ្ធិ​​ប្រជាធិបតេយ្យ​​​​ជា​​​​លទ្ធិ​​​​ដែល​​​​ផ្តល់​​​​អំណាច​​​​ដល់​​​​ប្រជាជន​​​​ជា​​ធំ​​ ​​ក្នុង​​​​ការ​​​​សម្រេច​​​​ជោគ​​ ​​វាសនា​​​​ប្រទេស​​ជាតិ​​ ​​ឲ្យ​​​​ស្រប​​តាម​​​​តម្រូវ​​​​ការ​​ ​​ឆន្ទៈ​​ ​​និង​​​​បំណង​​​​ប្រាថ្នា​​​​របស់​​​​ប្រជាជន​​​។​ ​​លទ្ធិ​​ប្រជាធិបតេយ្យ​​​​មាន​​​​សារៈសំខាន់​​ ​​ជាច្រើន​​​​ដូចជា​​​៖​

  • ផ្តល់សិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការជ្រើសរើសតំណាងខ្លួនមានសិទ្ធិបង្កើតសមាគម ក្រុមហ៊ុន មូលនិធិ ឬអង្គការសង្គមផ្សេងៗ ដើម្បីបម្រើដល់ប្រជាជនទប់ទល់អំពើពុករលួយ ជំរុញអភិបាលកិច្ចល្អ និងការពារសេរីភាព។
  • ផ្តល់សេរីភាពពេញលេញក្នុងការបញ្ចេញមតិយោបល់ តាមរយៈការសរសេរ ការនិយាយ ការផ្សព្វ ផ្សាយ ការផ្លាស់ប្តូរអំណាចដោយសន្តិវិធី។
  • ធានាសិទ្ធិសេរីភាពក្នុងការហូបចុកអនាម័យ ការសិក្សាការថែរក្សាសុខភាព… ស្ថិតក្នុងក្របខណ្ឌ នៃច្បាប់។

 

គោលការណ៍ល្អៗក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យមាន៖

  1. មានសមភាពមិនរើសអើងប្រកាន់វណ្ណៈ ពណ៌សម្បុរ និងការទទួលខុសត្រូវខ្ពស់ ដោយបំពេញភារកិច្ច តាមតួនាទី ឋានៈ យុត្តិធម៌។
  2. ផ្តល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង (ការនិយាយស្ដី បញ្ចេញមតិ វែកញែកទាមទារ ឲ្យរដ្ឋាភិបាល ធ្វើតាមឆន្ទៈរាស្ដ្រ)។
  3. មានភាតរភាពយោគយល់ អធ្យាស្រ័យមិនរំលោភបំពានអ្នកដទៃ។
  4. មានសិទ្ធិចូលរួមប្រជុំ ការអប់រំ ការជឿលើសាសនា ការបង្កើតសមាគម និងផ្តល់សិទ្ធិលើវិស័យ សេដ្ឋកិច្ច និងម្ចាស់ កម្មសិទ្ធិ។
  5. មានការបោះឆ្នោតគោរពលទ្ធផលឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។
  6. មាននីតិអាជ្ញាគ្រប់គ្រងច្បាប់មានតុលាការ ជំហរអព្យាក្រិត។
  7. មានពហុបក្សជាច្រើន ដើម្បីរក្សាតុល្យភាពក្នុងការគ្រប់គ្រង។
  8. មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តភារកិច្ចតាមតួនាទីរៀងៗខ្លួន។

ដើម្បីក្លាយទៅជាអ្នកដឹកនាំ រឺអ្នកគ្រប់គ្រង រឺអ្នកត្រួតត្រា អ្នកដទៃបានល្អ តើអ្នកដឹកនាំ ត្រូវប្រកាន់នូវ នាយកធម៌ អ្វីខ្លះ?

ដើម្បីក្លាយទៅជាអ្នកដឹកនាំ រឺអ្នកគ្រប់គ្រង រឺអ្នកត្រួតត្រា អ្នកដទៃបានល្អ តើអ្នកដឹកនាំត្រូវប្រកាន់នូវនាយកធម៌ អ្វីខ្លះ? ចូរស្រាយន័យខ្លីៗបញ្ជាក់លើធម៌និមួយៗនោះផង។

 

អ្នកដឹកនាំដែលរក្សាតំលៃខ្លួនទៅបានត្រូវមាននាយកធម៌ ៦យ៉ាងគឺ

  • “ខមា” មានន័យថា សេចក្តីអត់ធន់ ។ គឺអ្នកដឹកនាំត្រូវមានជំរុញតស៊ូ មិនខ្លាចពីការលំបាក ចិត្តនឹងនរ មិន ត្រូវឆេវឆាវ ខុសបែបបទ ចេះទ្រាំរាល់ពាក្យតូច ពាក្យធំ ស្រាយបញ្ហាដោយប្រើគតិបណ្ឌិតនិងអហិង្សាធម៌។
  • “ជាគរយៈ” មានន័យថា សេចក្តីភ្ញាក់រលឹករឿយៗ ពោលអ្នកដឹកនាំត្រូវមានគំនិតកែប្រែនូវឥរិយាបថទាំង ឡាយណាដែលខ្លួនប្រព្រឹត្តិទៅខុសឆ្គង គប្បីកុំនៅតែបំពានលើខុស។ ជាពិសេសត្រូវតែរក្សានូវទស្សនទាន ដែលខ្លួនបាននិយាយ បានសន្យារួចជាមួយអ្នកនៅក្រោមបង្គាប់បញ្ជាក្រោមការគ្រប់គ្រងរបស់ខ្លួនអោយ បាន។
  • “ឧដ្ឋានៈ” មានន័យថា សេចក្តីឧស្សាហ៍ខ្នះខ្នែង។ គឺបានសេចក្តីថា អ្នកគ្រប់គ្រងត្រូវមានស្មារតីព្យាយាម គ្រប់ផ្នែកដូចជាសិក្សាស្រាវជ្រាវឯកសារ គ្រប់ជំពូករកវិធីដឹកនាំអោយឆ្ពោះទៅរកភាពរីកចំរើនកុំបីមាន គំនិតព្រងើយកន្តើយនឹងភារកិច្ច ត្រូវស្ទុះស្ទា ស្រវាស្រទេញចាត់ចែងការងារកុំអោយអសកម្ម ត្រូវតែបន្តការ ស្វែងយល់ឥតឈប់ឈរពីតំរូវការសមស្រប រឺបញ្ហានានាដែលចោទឡើងចំពោះអ្នកក្រោមការដឹកនាំខ្លួន។
  • “សំវិភាគៈ” មានន័យថាការចែករំលែក រឺការរំលែកនូវវត្ថុផ្សេងៗដល់អ្នកក្រោមការគ្រប់គ្រងខ្លួន។ ពោលគឺ ចង់និយាយថាអ្នកដឹកនាំកុំបីមានគំនិតសម្ងំសោយសុខលើគំនរបុណ្យសក្តិ ទ្រព្យសម្បត្តិតែម្នាក់ឯង ត្រូវ ចេះផ្តល់នូវសេចក្តីសុខ ប្រយោជន៍ដល់អ្នកដទៃ អោយទទួលបាននូវភាពសុខសាន្តទាំងផ្លូវកាយ ផ្លូវចិត្ត ដូចខ្លួនផង។
  • “ទយា” មានន័យថា សេចក្តីអាណិតអាសូរត្រាប្រណីគេ។ គឺបានសេចក្តីថា អ្នកដឹកនាំត្រូវរក្សានូវគំនិតឈឺ ឆ្អាលរាល់សុខទុក្ខអ្នកក្រោមការត្រួតត្រាខ្លួន កុំមានគំនិតគុំគួនខុសដៃយកដៃ ខុសជើងយកជើង ត្រូវមាន គំនិតយោគយល់អនុគ្រោះឈរលើគតិយុត្តិធម៌ និងភាពជាក់ស្តែងនៃអ្នកក្រោមឱវាទ រឺជាសហសេវិកខ្លួន។
  • “ឥក្ខណា” ការរំពៃមើលខុសត្រូវដល់ជនទូទៅ ពោលគឺបានសេចក្តីថា អ្នកដឹកនាំត្រូវចេះឃុំគ្រង រក្សាគាំពារ បុគ្គលនានាកុំអោយរងាកំព្រាគ្មានទីពឹង ត្រូវធ្វើការប្រមើលមើលអោយបានគ្រប់ជ្រុងជ្រោយ សុខទុក្ខអ្នក ដទៃកុំអោយរំលងដោយយកចិត្តទុកដាក់ និងមើលឃើញតែអ្នកដែលក្បែរខ្លួនមួយចំនួនតូចប៉ុណ្ណោះ។

 

ក្នុងព្រះពុទ្ទសាសនា តើលក្ខណៈបែបណាខ្លះ ដើម្បីក្លាយខ្លួនជា សាមណេ នឹង ​ភិក្ខុ?

ក្នុងព្រះពុទ្ទសាសនា លក្ខណៈដែលក្លាយខ្លួនជាសាមណេ នឹង ភិក្ខុបាន លុះត្រាតែមានការអនុញ្ញាតិពីមាតាបិតា បងប្អូន ឬ ប្រពន្ធ រដ្ធអំណាចគ្រប់ជាន់ថ្នាក់ និង មានសុខភាពល្អ ហើយអ្នកចង់បួសត្រូវចូលទៅសំនិស្ស័យពីព្រះឧបជ្ឍាយ៍។ ប្រសិនបើ ព្រះឧបជ្ឍាយ៍អនុញ្ញាតិហើយ អ្នកបួសត្រូវកោសក់ ពុកមាត់ ពុកចង្ការ រោមចិញ្ចើម ទ្រត្រៃចីវរយកទៅប្រគេន ព្រះឧបជ្ឍាយ៍ដើម្បីធ្វើការបំបួស។

អ្វីខ្លះសំរាប់សំគាល់សង្ឃក្នុង ព្រះពុទ្ធសាសនា?

លក្ខណសំរាប់សំគាល់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនាដូចជា ព្រះសង្ឃត្រូវប្រកាន់ភ្ជាប់នូវធម៌វិន័យ
ជាប់ខ្លួន ស្លៀកស្បង់ គ្រងចីពរពណ៌លឿង ឬ ខ្លឹមខ្នោរ កោរសក់ និង រោមចិញ្ចើម ស្ពាយ ឬ ទ្របាទ គ្មានពាក់គ្រឿងអលង្ការ គ្មានប្រើគ្រឿងក្រអូប អាកប្បកិរិយានឹងធឹង ព្រះនេត្រសំលឹងមួយជួរនឹម។

តើវត្តអារាមមានតួនាទីសំខាន់អ្វីខ្លះចំពោះប្រជាជនកម្ពុជាយើង?

វត្តអារាមមានតួនាទីសំខាន់ណាស់ចំពោះប្រជាជនកម្ពុជាដូចជា៖

 

  • ជាកន្លែងសំរាប់ ឱ្យព្រះសង្ឃអប់រំសីលធម៌ ផ្សព្វផ្សាយពុទ្ធវចន ដល់ពុទ្ធបរិស័ទ។
  • ជាកន្លែងសំរាប់ ឱ្យប្រជាជនបានផ្សារភ្ជាប់ជីវិត របស់ គេទៅនិងព្រះពុទ្ធសាសនា។
  • ជាទីតាំងនៃព្រះពុទ្ធសាសនា សំរាប់ឱ្យពុទ្ធសានិកទុកជាទីពឹងពាក់ ជាបង្អែងខាងផ្លូវចិត្ត។
  • ជាកន្លែងអប់រំកាយ ចិត្ត និង ជាទីសក្ការៈ។
  • ជាកន្លែងសំរាប់ ឱ្យប្រជាជនកម្ពុជានិយមធ្វើពិធីបុណ្យផ្សេងៗ ដែលជាប្រពៃណី ពុទ្ធសាសនា តាមទំនៀមទំលាប់របស់ប្រជាជនកម្ពុជាដូចជា បុណ្យកឋិន ភ្ជុំបិណ្ឌ មាឃបូជា វិសាខបូជា ចូលវស្សា ចេញវស្សា បុណ្យចូលឆ្នាំជាដើម។
  • ជាកន្លែងសំរាប់ដុសខាត់ចិត្តឱ្យកកើតសេចក្តីប្រាថ្នា ជ្រះថ្លា  ឱ្យមានអារម្មណ៍ស្ងប់។
  • ជាកន្លែងទីពំនាក់អាស្រ័យរបស់សិស្សានុសិស្សដែលជាកូនចៅប្រជាជនក្រីក្រ។
  • ជាមន្ទីពេទ្យសំរាប់ព្យាបាលជំងឺចិត្ត។
  • ជាកន្លែងសំរាប់ប្រជុំរបស់ប្រជាជនគ្រប់រូបគ្រប់ស្រទាប់វណ្ណះ គ្រប់វ័យដោយគ្មានរើយអើងពណ៌សម្បុរ សញ្ជាតិ ឋាន: នាទី សង្គម ដោយឥតប្រកាន់មាន ក្រ ឬមានជំនឿផ្សេងៗ។
  • ជាកន្លែងសំរាប់ ក្នុងការជួយកសាងសង្គម ដូចជា ស្ពាន ថ្នល់ សាលារៀន មន្ទីពេទ្យ ស្រះទឹក អណ្តូង និង ដាំដើមឈើមានតំលៃ ឈើហូបផ្លែឈើសំរាប់ធ្វើជាឧសថជាដើម។
  • ជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីនៃវប្បធម៌ និង អរិយធម៌ជាដើម ដោយឥតប្រកាន់អ្នកមានជំនឿផ្សេងៗឡើយ។

ដូចនេះ វត្តអារាមពុទ្ធសាសនា មានសារសំខាន់ណាស់ ក្នុងការជួយសំរាលបន្ទុកសេដ្ឋកិច្ចរដ្ឋ មួយកំរិត និង ជួយដោះស្រាយបញ្ហានានាក្នុងសង្គមមួយចំនែកទៀតផង។

ចូរប្រៀបធៀប លក្ខណ:ខុសគ្នា រវាង​ភាសា និងអក្សរសាស្រ្ត

១. លក្ខណ:ដូចគ្នា

  • កកើតចេញពីមនុស្ស ។
  • ប្រើជាសញ្ញាសំគាល់ក្នុងការទាក់ទងគ្នា។
  • ប្រើជាមធ្យោបាយសំរាប់លាតត្រដាងមនោសញ្ចេតនា គំនិត អារម្មណ៍ក្នុងទំនាក់ទំនង ការរាប់អានជាដើម ។
  • ផ្សារភ្ជាប់ជីវិតសង្គម និង មនុស្ស។
  • ជាអ្នកបំរើ និង ឆ្លុះបញ្ចាំងសង្គមតាមជំនាន់ និងសម័យកាលនីមួយៗ ។
  • មិនរើសអើង ឬ បែងចែងវណ្ណ: ឬ ឋាន:ក្នុងការបំរើមនុស្សណាម្នាក់ឡើយជាដើម។

២. លក្ខណ:ខុសគ្នា

ក. ផ្នែកភាសា

  • យកសំលេងនិយាយជាសញ្ញា
  • បង្ហាញឱ្យឃើញពីវិធីឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត និង បញ្ចេញសំលេងឱ្យមានវគ្គឃ្លា
  • អាចនិយាយឱ្យគេបានដឹង ឬ លឺតាមការនិយាយដោយគ្មានអ្វីជាអំណះអំណាង
  • មនុស្សអាចនិយាយបានមិនបាច់រៀនតាមសាលារៀនឬវត្តអារាមទេគឹសង្គមជាអ្នកបង្ហាត់បង្រៀន

ខ. ផ្នែកអក្សរសាស្រ្ត

  • យកគំនូរ អក្សរជាសញ្ញា
  • បង្កើតឱ្យមានក្បួន ច្បាប់ និង វិធីប្រើប្រាស់គំនូសនោះឱ្យបានត្រឹមត្រូវ
  • អក្សរសាស្រ្តគឺជាអ្នកអាចរក្សាររាល់សំដី (ភាសា) ឱ្យបានយូអង្វែង ពីសម័យកាលមួយទៅ សម័យកាលមួយទៀតដោយមិនចាំបាច់ត្រូវការជួបសំភាសគ្នាផ្ទាល់
  • ត្រូវទៅសិក្សារៀនសូត្រតាមសាលា ឬ វត្តអារាម ទើបអាចមានចំណេះដឹង។

អក្សរសាស្រ្តជាអ្វី? ហេតុអ្វីចាំបាច់មានអក្សរសាស្រ្ត?

អក្សរសាស្រ្ត គឺជាវិជ្ជាអក្សរក្បួនប្រាប់វិធីនៃអក្សរក្នុងការសរសេរឱ្យបានត្រឹមត្រូវ ភាសាណាមួយ ឬមានន័យថា អក្សរគឺជាក្បួនខ្នាតរឺជាវិជ្ជាមួយ សិក្សាអំពីរបៀប និង វិធីប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ហាញសតិអារម្មណ៍ លាតត្រដាងមនោសញ្ចេតនា ទស្សន និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត ដោយរៀបចំតាក់តែងពាក្យពេចន៍ឱ្យពិរោះ ធ្វើឱ្យអ្នកអានជក់ចិត្ត មានអារម្មណ៍ហាក់ដូចជាស្ថិតនៅក្នុងព្រឹត្តការណ៍នៃរឿងទាំងនោះជាប់ជានិច្ច។ ដូចនេះអក្សរសាស្រ្ត គឺការផ្សព្វផ្សាយមនោសញ្ចេតនា បណ្តុះគំនិត បង្កើតការអប់រំមនុស្ស ខាងស្មារតី និងសតិអារម្មណ៍ ក៏ដូចជាបណ្តុះនូវសីលធម៌ដែរ ។

អក្សរសាស្រ្តមានតួនាទីបូកសរុប និង កត់ត្រាបណ្តាបាតុភូតនានារបស់សង្គមមនុស្ស នូវគំនិតជឿនលឿន  អន់ថយរបស់របស់សង្គម ក្នុងសមយ័កាលនីមួយៗ។

ភាសាជាអ្វី​?​ ហេតុអ្វីចាំបាច់មានភាសា?

ភាសា គីជាពាក្យសំដីដែលមនុស្ស ឬ សត្វនិយាយជាសំឡេងចេញមកក្រៅ ឬ អាចនិយាយបានថា ភាសាជាឧបករណ៍ម្យ៉ាងដែលមនុស្សប្រើជាមធ្យោបាយ ដើម្បីធ្វើការលាតត្រដាងមនោសញ្ចេតនា គំនិត អារម្មណ៍ក្នុងទំនាក់ទំនង ការរាប់អាន ពិភាក្សាប្តូរយោបល់ ព្រមទាំងផ្តល់បទពិសោធ ចំណេះដឹងឱ្យគ្នាទៅវិញទោមក។ ជាការពិតណាស់ ភាសា អាចជាបាតុភូតដែលត្រូវតែកើតមានឡើង នៅក្នុងសង្គម ដើម្បីបង្ហាញមនោសញ្ចេតនា បទពិសោធចំនេះដឹង ស្មារតីច្នៃប្រឌិតទំនួលខុសត្រូវរបស់ខ្លួន ទៅមនុស្សផ្សេងទៀតក្នុងទង្វើរពលកម្មជីវិត។

កត្តាចាំបាច់ដែលត្រូវមានភាសា ព្រោះភាសាផ្សារភ្ជាប់ទៅនិងជីវិតសង្គមនឹងមនុស្សដែលជាអ្នក  ពាំនាំភាសា ភាសាក៏ជាអ្នកបំរើ និង ឆ្លុះបញ្ចាំងសង្គម។បើគ្មានភាសាមនុស្សក៏មិនអាចមានផលិតផល គ្មានការវិវត្តជឿនលឿនបានឡើយ។ បើគ្មានសង្គម គឺ គ្មានភាសា ។ បើសង្គមជឿនលឿន គឺភាសាក៏ជឿនលឿនដែរ។