Skip to content

ប្រវត្តិសាស្ត្រ

ហេតុអ្វីបានជា មានសង្គ្រាមផ្ទុះ ឡើងនៅឧបទ្វីប កូរ៉េ?

មជ្ឈដ្ឋាន ជាច្រើន ចោទ សំណួរថា មូលហេតុអ្វីបានជា ប្រជាជាតិមួយ រស់នៅលើទឹកដី តែមួយ ជាតិសាសន៍តែមួយ ក្រោមថ្នាក់ ដឹកនាំតែមួយ បែរជាអាចឈាន ទៅរកការផ្ទុះជម្លោះ ស៊ីសាច់ហុតឈាមបែបនេះ?

ខាងក្រោមនេះជាប្រវត្តិខ្លះៗទាក់ទងទៅនឹងស្ថានភាព នៃប្រទេសកូរ៉េ មុនពេលមានសង្រ្គាម និង ក្នុងពេល មានសង្រ្គាមផ្ទុះឡើង ដែលអាចឆ្លើយតបបានខ្លះៗ ទៅនឹងការចោទសំណួរ ខាងលើ។

 

I. ស្ថានភាពទូទៅនៃឧបទ្វីបកូរ៉េ

ប្រទេសកូរ៉េ គឺជាឧបទ្វីបមួយស្ថិតនៅភូមិភាគអាស៊ីប៉ែកខាងកើត ឬអាស៊ីបូព៌ា។ ចាប់តាំងពីឆ្នាំ ១៩៤៨ មក ប្រទេសនេះ ត្រូវបានបែងចែកជាពីរ គឺសាធារណរដ្ឋកូរ៉េ ដែលជាទូទៅហៅថាកូរ៉េខាងត្បូង មានរដ្ឋធានីឈ្មោះថា “សេអ៊ូល” ប្រកាន់យករបបសេរី ។ ឯភាគខាងជើងមានឈ្មោះថា សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ឬហៅថាកូរ៉េខាងជើង ដែលមានរដ្ឋធានីឈ្មោះថា “ព្យុងយ៉ាង” ប្រកាន់យករបបកុម្មុយនីស្ត។ ទឹកដីនៃឧបទ្វីបកូរ៉េ លាតសន្ធឹងពីភាគឦសាន នៃប្រទេសចិន ឆ្ពោះទៅទិសខាងត្បូង។ ផ្ទៃដីនៃប្រទេសកូរ៉េខាងជើង មានទំហំធំ ជាងប្រទេសកូរ៉េខាងត្បូង បន្តិច ប៉ុន្តែប្រទេសកូរ៉េខាងត្បូង មានចំនួនប្រជាជន ស្ទើរស្មើនឹងពីរដង នៃប្រទេស កូរ៉េខាងជើង។

តំបន់ទំនាបឆ្នេរស្ថិតនៅតាមបណ្តោយ ភាគខាងលិច ភាគឦសាន និងភាគខាងត្បូង នៃឧបទ្វីបនេះ ហើយទឹកដីដែលនៅសល់ភាគច្រើន គ្របដណ្តប់ដោយភ្នំ។ ប្រជាជនកូរ៉េ ភាគច្រើនរស់នៅ តាមតំបន់ឆ្នេរ និងនៅតាមបណ្តោយ ដងទនេ្លនានា។

រហូតដល់ដើមឆ្នាំ១៩០០ សេដ្ឋកិច្ចប្រទេសកូរ៉េ ត្រូវពឹងផ្អែកទាំងស្រុងទៅលើវិស័យកសិកម្ម ហើយជាក់ស្តែង ប្រជាជនកូរ៉េ ស្ទើរទាំងអស់មានមុខរបរជាកសិករ។ រយៈពេលក្រោយមកប្រទេសនេះ មានការអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លា។

បច្ចុប្បន្នវិស័យឧស្សាហកម្ម ក្នុងប្រទេសនេះមានការរីកចំរើនខ្លាំងជាង វិស័យកសិកម្ម ទាំងក្នុងប្រទេសកូរ៉េខាងជើង និងប្រទេសកូរ៉េខាងត្បូង។ ភាពរីកចម្រើនក្នុងប្រទេសកូរ៉េ ខាងត្បូង បានជំរុញឲ្យប្រទេសនេះ ក្លាយជាប្រទេសមួយ ដែលមានកំណើន សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស បំផុតក្នុងពិភពលោក។

អ្នកវិទ្យាសាស្រ្តបានបង្ហាញភស្ថុតាងថា មានប្រជាជនកូរ៉េបានរស់នៅលើទឹកដីនៃឧបទ្វីបនេះ យ៉ាងហោច ណាស់តាំងពី ៣ម៉ឺនឆ្នាំ មុនមកម៉្លេះ។ ជនជាតិកូរ៉េ និងជនបរទេសផ្សេងៗបានរស់នៅលើឧបទ្វីបកូរ៉េ តាំងពី សម័យ បុរាណរហូតមកដល់ឆ្នាំ១៩០០។

II. ប្រវត្តិឧបទ្វីបកូរ៉េមុនការដាក់អណានិគមរបស់ជប៉ុន

អ្នកវិទ្យាសាស្រ្តបានរកឃើញភស្តុតាង ដែលបង្ហាញថា មនុស្សបានរស់នៅលើភាគនិរតី នៃឧបទ្វីបកូរ៉េ កាលពី៣ម៉ឺនឆ្នាំមុន។ ប៉ុន្តែមានមនុស្សតិចតួចណាស់ ដែលដឹងពីបុរេប្រវត្តិរបស់ប្រទេស កូរ៉េបច្ចុប្បន្ននេះ។ ប្រហែលឆ្នាំ២៣០០មុនគ.ស ប្រទេសកូរ៉េបានកើតឡើងដំបូងនៅតាមដងទន្លេ Taedong ដែលបច្ចុប្បន្ន ស្ថិតនៅក្នុងទីក្រុងព្យុងយ៉ាង។ ក្នុងឆ្នាំ១០៨មុន គ.ស ប្រទេសចិនបានច្បាំង ដណ្តើមយកទឹកដីនៃ ភាគខាងជើង នៃឧបទ្វីបនេះ និងបានបង្កើតជាអាណាខេត្ត ចំនួនបួននៅទីនោះ។ ពួកកុលសម្ព័ន្ធ កូរ៉េបានវាយបកវិញ យកជ័យជម្នះ ដោយដណ្តើមយកខេត្តបីក្នុងឆ្នាំ ៧៥មុនគ.ស ។ ចំណែកខេត្តមួយទៀតមានឈ្មោះថាខេត្ត លីឡាង នៅតែស្ថិតក្រោមការត្រួតត្រារបស់ប្រទេសចិនដដែល ។

ក្នុងឆ្នាំ ១០០នៃគ.ស កុលសម្ព័ន្ធ ៣ ទៅ ៤ បានរួបរួមគ្នាបង្កើតបានជារដ្ឋមួយមានឈ្មោះថា កូគូរីយ៉ូ ដែល ស្ថិតនៅប៉ែកឦសាននៃឧបទ្វីបនេះ។ រដ្ឋពីរផ្សេងទៀតមានឈ្មោះថា រដ្ឋប៉ាអ៊ីឆេ ស្ថិតនៅ ភាគនិរតី និងរដ្ឋស៊ីលឡា ស្ថិតនៅភាគអាគ្នេយ៍ត្រូវ បានបង្កើតចុងឆ្នាំ២០០នៃ គ.ស។ អ្នកប្រវត្តិសាស្រ្ត ហៅរដ្ឋទាំងបីថា ព្រះរាជា ណាចក្រទាំងបី។ ក្នុងឆ្នាំ៣១៣ រដ្ឋកូគូរីយ៉ូ បានវាយដណ្តើមយករដ្ឋលីឡាង និងបានត្រួតត្រា លើទឹកដីពាក់កណ្តាល ភាគខាងជើង នៃប្រទេសកូរ៉េបច្ចុប្បន្ន ។

អ្នកកាន់ពុទ្ធសាសនាបានសិក្សារៀនសូត្រពីប្រទេសចិន បានធ្វើឲ្យសាសនានេះក្លាយជាសាសនាសំខាន់ នៅក្នុងរាជាណាចក្រទាំងបី ក្នុងឆ្នាំ៣០០ និង៤០០។
រដ្ឋស៊ីលឡា បានវាយដណ្តើមយកទឹកដីរដ្ឋប៉ាអ៊ីឆេ និងរដ្ឋកូរីយ៉ូក្នុងឆ្នាំ៦៦០ ដូច្នេះហើយវាបាន ត្រួតត្រា ទូទាំងផ្ទៃដីឧបទ្វីបកូរ៉េ។ សិល្បៈ និងការរៀនសូត្ររបស់ជនជាតិកូរ៉េបានរីកចម្រើនឡើងនៅ ២០០ឆ្នាំបន្ទាប់។

លិទ្ធិខុងជឺបានហូរចូលក្នុងឧបទ្វីបនេះពីប្រទេសចិន ហើយមានឥទ្ធិលលើផ្នត់គំនិត និងចរិយារបស់ ជន ជាតិកូរ៉េ។ ក្នុងឆ្នាំ៨០០ រដ្ឋស៊ីលឡាត្រូវបានបែកបាក់ ក្នុងខណៈពេលដែលរាជា ណាចក្រមួយនេះ បាត់បង់ ម្ចាស់ការលើអតីតរដ្ឋកូគូរីយ៉ូ និងប៉ាអ៊ីឆេ។ ប៉ុន្តែក្នុងឆ្នាំ៩៣២ ឧត្តមសេនីយ៍ម្នាក់ ឈ្នោះ វ៉ាង កន បានរួបរួមគ្នា ជាមួយ រដ្ឋស៊ីលឡា បង្កើតរដ្ឋមួយដោយបានដាក់ឈ្មោះថា កូរីយ៉ូ(ពាក្យថាកូរ៉េ គឺចេញ ពីថាកូរីយ៉ូនេះឯង)។ រដ្ឋបានសាងសង់សាលារៀនជាច្រើន និងបានលើកទឹកចិត្តឲ្យមានការបោះពុម្ភ សៀវភៅសិក្សាទៀតផង។ ជនជាតិកូរ៉េបានបង្កើតម៉ាស៊ីនបោះពុម្ភដែលអាចចល័តបានដំបូងបំផុតក្នុងឆ្នាំ ១២៣៤។

កុលសម្ព័ន្ធម៉ុងហ្គោលីដែលមកពីទិសខាងជើងបានវាយលុកចូលប្រទេសកូរីយ៉ូម្តងហើយ ម្តង ទៀត តាំងពីឆ្នាំ១២៣០រហូតដណ្តើមបានក្នុងឆ្នាំ១២៥៩។ ប្រទេសកូរីយ៉ូបានវាយដណ្តើមបានជ័យ ជម្នះក្នុង ឆ្នាំ១៣៦៨។ ក្រុមទាំងពីរនេះបានវាយប្រយុទ្ធ គ្នាដើម្បីត្រួតត្រារហូតដល់ឆ្នាំ១៣៨៨ គឺនៅពេល ដែល ឧត្តមសេនីយ័ យី ស៊ុងជី បានដឹកនាំក្រុមម្ខាងដើម្បីទាមទាររកសន្តិភាព។ ឧត្តមសេនីយ៍ យី បានក្លាយជា ព្រះរាជានៃប្រទេសកូរីយ៉ូក្នុងឆ្នាំ ១៣៩២ និងបានប្តូរឈ្មោះរដ្ឋទៅជា ជូ ស៊ុន។ បច្ចុប្បន្ន ប្រជាជនកូរ៉េខាងជើង បានប្រើឈ្មោះ ជូ ស៊ុន សម្រាប់ហៅឈ្មោះ ប្រទេសរបស់ពួកគេ។ ចំណែក ប្រទេសកូរ៉េខាងត្បូង បានប្រើឈ្មោះថា Taehan។

លោក យី បានបន្តពូជពង្សសន្តតិវង្សរហូត ដល់ផុតខ្សែស្រឡាយនៅឆ្នាំ ១៩១០។ លោក យី បានឈប់ ប្រតិបត្តិតាមព្រះពុទ្ធសាសនាដែលជា សាសនារបស់រដ្ឋ កើតឡើងតាំងពីឆ្នាំ ៧០០មក។ ឥទ្ធិពល នៃព្រះពុទ្ធ សាសនា ត្រូវបានថយចុះ និងបាត់ការនិយមជឿនៅក្នុងប្រទេសកូរ៉េម្តងទៀតរហូតដល់ឆ្នាំ ១៩០០។ លោក យី និងមេដឹកនាំផ្សេង ទៀតដែលដើរតាមគាត់បានបង្រួបបង្រួមប្រទេសកូរ៉េឡើងវិញ។

ប្រទេសជប៉ុនបានវាយចូលប្រទេសកូរ៉េក្នុងឆ្នាំ១៥៩០ ប៉ុន្តែត្រូវបរាជ័យ ហើយដកថយវិញ។ កងកម្លាំង ម៉ាន់ជូ ដែលមកពីទិសខាងជើងបានឈ្លានពានប្រទេសកូរ៉េ ក្នុងឆ្នាំ១៦៣០។ ពួកម៉ាន់ជូបានបង្ខំជនជាតិកូរ៉េ ឲ្យចុះចូល តែខ្សែ ស្រឡាយគ្រួសារយីនៅតែបន្តជាស្តេចដដែល។ នៅដើមឆ្នាំ១៦០០ មេដឹកនាំប្រទេស កូរ៉េ បានបំបិទ មិនឲ្យមានទំនាក់ទំនង ជាមួយបរទេសអស់ជិត២០០ឆ្នាំ។ សាសនទូតរ៉ូម៉ាំងកាតូលិកមកពីទ្វីបអ៊ឺរ៉ុប បានចូលទៅ ក្នុងប្រទេសកូរ៉េដំបូងក្នុងអំឡុងឆ្នាំ ១៨៣០។ ប៉ុន្តែអាជ្ញាធរ ឬរដ្ឋអំណាចកូរ៉េ បានធ្វើទុក្ខទោសទៅ លើសាស នទូតទាំងនោះ ព្រមទាំងបានសម្លាប់ជនជាតិកូរ៉េដែលកាន់សាសនា កាតូលិកទាំងនោះអស់រាប់ពាន់ នាក់។ ក្នុងអំឡុងពេលនោះដែរ ប្រទេសកូរ៉េត្រូវបានគេហៅថា ព្រះរាជាណាចក្រ តាបស ពីព្រោះប្រទេសនេះមាន ទំនាក់ ទំនង តិចតួចបំផុតជាមួយបរទេស លើកលែងតែប្រទេសចិន និងជប៉ុនប៉ុណ្ណោះ។

 

III. ឧបទ្វីបកូរ៉េក្រោមនឹមអាណានិគម

ក្នុងឆ្នាំ ១៨៧៦ ប្រទេសជប៉ុនបានបង្ខំប្រទេសកូរ៉េបើកកំពង់ផែដើម្បីធ្វើពាណិជ្ជកម្ម។ សហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី និងបណ្តាប្រទេសនៅទ្វីបអឺរ៉ុបបានចុះហត្ថលេខាលើសន្ធិសញ្ញាពាណិជ្ជកម្ម ជាមួយប្រទេសកូរ៉េ ក្នុងឆ្នាំ១៨៨០។ ប្រទេសជប៉ុនបានវាយយកជ័យជម្នះលើប្រទេសចិន ក្នុងសម័យ សង្គ្រាមជប៉ុន-ចិន ក្នុងឆ្នាំ១៨៩៤ ដល់ឆ្នាំ១៨៩៥ ដូច្នេះឥទ្ធិពលប្រទេសជប៉ុនលើប្រទេសកូរ៉េមាន ឥទ្ធិពលខ្លាំងជាងប្រទេសចិន។

ប្រទេសជប៉ុនបានវាយយកជ័យជម្នះលើប្រទេសរុស្ស៊ី ក្នុងសម័យសង្រ្គាមរុស្ស៊ី-ជប៉ុន(១៩០៤-១៩០៥) ហើយបង្ខំឲ្យប្រទេសរុស្ស៊ីទទួលស្គាល់ឥទ្ធិពលរបស់ខ្លួននៅក្នុង ប្រទេសកូរ៉េ ចាប់ពីពេលនោះមកប្រទេស ជប៉ុនបានត្រួតត្រាប្រទេសកូរ៉េ ចាប់ពីឆ្នាំ១៩១០មក។

ប្រទេស ជប៉ុនបានត្រួតត្រាប្រទេស កូរ៉េ ក្នុងឋានៈជាអាណាព្យាបាល ប៉ុន្តែគ្រាន់តែដើម្បីទាញយកផលចំណេញ សម្រាប់ពួកគេតែប៉ុណ្ណោះ។ ជាក់ស្តែងប្រទេស ជប៉ុនបានរឹបអូសយកទិន្នផលកសិកម្ម និងជំនួញយ៉ាងច្រើន ពីប្រទេស កូរ៉េ។

ក្នុងឆ្នាំ១៩៣០ ជប៉ុនបានសាងសង់រោងចក្រឧស្សាហកម្មធុនធ្ងន់ជាច្រើនកន្លែងក្នុងប្រទេស កូរ៉េ ដើម្បីផ្គត់ផ្គង់ទៅប្រទេស ជប៉ុនវិញប៉ុណ្ណោះ ក្នុងនោះមានដូចជារោងចក្រធាតុគីមី ដែក ដែកថែបគ្រឿងម៉ាស៊ីន និងផលិតផលជាច្រើនមុខទៀត។ ក្នុងអំឡុងឆ្នាំ ជនជាតិជប៉ុនបានបង្ខំជនជាតិកូរ៉េ ប្រើប្រាស់ឈ្មោះជាភាសា ជប៉ុន ព្រមទាំងហាមការប្រើប្រាស់ភាសាកូរ៉េ។

ប្រជាជនកូរ៉េជាច្រើន ត្រូវបានបង្ខំឲ្យចូលធ្វើសង្គ្រាមជាមួយជប៉ុន ក្នុងសម័យសង្រ្គាមលោកលើកទីII។ប្រជាជនខ្លះ ត្រូវបានបញ្ជូនទៅធ្វើការនៅតាមរោងចក្រ តាមអណ្តូងរ៉ែក្នុង ប្រទេសកូរ៉េ និងតំបន់ផ្សេងៗ នៅទ្វីបអាស៊ី ខណៈដែលប្រជាជនផ្សេងទៀត ត្រូវចូលហាត់រៀន នៅក្នុងជួរកងទ័ពរបស់ជប៉ុន។

IV. បុព្វហេតុសង្គ្រាម

ដោយទឹកដីកូរ៉េធ្លាប់ស្ថិតនៅក្រោមអាណានិគមជប៉ុនតាំងពីឆ្នាំ១៩១០ ម្ល៉ោះហើយបានជានៅក្នុងសង្គ្រាម លោកលើកទី២ កងទ័ពជប៉ុន បានវាយសម្រុកមកលើទឹកដីនេះ ក្នុងគោលបំណងដើម្បី ពង្រឹងកម្លាំង យុទ្ធសាស្រ្ត នៅចុងបូព៌ា។ នឹមត្រួតត្រារបស់ជប៉ុនបានបន្ត រហូតដល់ឆ្នាំ១៩៤៥ ទើបត្រូវបានបញ្ចប់ គឺនៅពេល ដែលជប៉ុនបានចាញ់សង្គ្រាម លោកលើកទីពីរ។ បន្ទាប់ពីបរាជ័យរបស់ជប៉ុនរួចមក ទាហានសហរដ្ឋអាមេរិក បាន ចូលទៅបោះ ទីតាំង នៅពាក់កណ្តាលភាគខាងត្បូង នៃប្រទេសកូរ៉េ ខណៈដែលកងទ័ពសហភាព សូវៀត ចូលទៅបោះទីតាំង ពាក់កណ្តាលប្រទេសកូរ៉េភាគខាងជើង ត្រឹមខ្សែទី ៣៨។ អាចនិយាយបានថា នេះជាចំណុច ចាប់ផ្តើមនៃការបែងចែកប្រទេសកូរ៉េជាពីរ ដោយសារតែវត្តមានរបស់បរទេស ក្នុងទឹកដីនេះ ។

កងទ័ពសហភាពសូវៀត និងកងទ័ពសហរដ្ឋអាមេរិក បានចូលមកកាន់កាប់នៅលើទឹកដីកូរ៉េ ដោយប្រើលេសថា ងាយស្រួលដកហូត និងកាត់បន្ថយគ្រឿងសព្វាវុធពីកងទ័ពជប៉ុន ដែលបោះទីតាំងក្នុងទឹកដីកូរ៉េ។ ការពិតទៅទង្វើនេះហាក់ផ្ទុយទៅនឹងសេចក្តីប្រកាសទីក្រុងប៉ុតស្តាំ ឆ្នាំ១៩៤៥ ដែលសង្កត់ធ្ងន់ថា ឧបទ្វីបកូរ៉េ ត្រូវរំដោះឲ្យផុតពីការគ្រប់គ្រងរបស់បរទេស ។ ប៉ុន្តែក្រោយសង្គ្រាមលោកលើកទី២ ប្រទេសកូរ៉េ បែរជាត្រូវ បានកាន់កាប់ដោយកងទ័ពរុស្ស៊ី នៅត្រង់តំបន់ភាគខាងជើង ហើយភាគខាងត្បូងត្រូវ បានកាន់កាប់ដោយ កងទ័ពសហរដ្ឋអាមេរិកទៅវិញ។

សហរដ្ឋអាមេរិក និងសហភាពសូវៀត បានព្យាយាមបង្កើតផែនការបង្រួបបង្រួមជាតិក្នុងប្រទេសកូរ៉េឡើងវិញ តែពួកគេត្រូវបរាជ័យហើយសហរដ្ឋអាមេរិក បានដាក់បញ្ហានេះ ទៅអង្គការសហប្រជាជាតិ ដោះស្រាយក្នុងឆ្នាំ១៩៤៧ ។

អង្គការសហប្រជាជាតិចង់ឲ្យមានបោះឆ្នោតជ្រើសរើស រដ្ឋាភិបាលមួយសម្រាប់ប្រទេសកូរ៉េ។ ប៉ុន្តែសហភាពសូវៀត បានបដិសេធមិនអនុញ្ញាត ឲ្យតំណាងរបស់ អង្គការសហប្រជាជាតិ ចូលទៅកាន់ ភាគខាងជើងឡើយ។ ចំណែកនៅភាគខាងត្បូងវិញ តំណាងអង្គការសហប្រជាជាតិ បានស្នើច្បាប់ ដឹកនាំការបោះឆ្នោត ទៅកាន់សភាជាតិ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ក្នុងឆ្នាំ១៩៤៨។ បន្ទាប់មករដ្ឋសភាក៏បានអនុម័តដាក់ចេញជារដ្ឋធម្មនុញ្ញ ហើយក្នុងខែកក្កដា ឆ្នាំ១៩៤៨ រដ្ឋសភាបាន បោះឆ្នោត ជ្រើសតាំងលោក ស៊ីង ម៉ាន់រី ធ្វើជាប្រធានាធិបតី នៃសាធារណៈរដ្ឋកូរ៉េ ដែលបានប្រកាសបង្កើត ឡើងនៅថ្ងៃ ទី១៥ ខែសីហា ឆ្នាំ១៩៤៨។ ចំណែកប្រទេសកូរ៉េខាងជើងវិញ ពួកអ្នកកាន់លទ្ធិកុម្មុយនីស្ត ក៏បានប្រកាស បង្កើតសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដែរ គឺនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៤៨។
រដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្រទាញប្រទង់គ្នា ទៅវិញទៅមកដើម្បីធ្វើជាមេដឹកនាំប្រទេសកូរ៉េទាំងមូល។

នៅក្នុងខែធ្នូ ឆ្នាំ១៩៤៨ សហភាពសូវៀតបានប្រកាសដកទ័ពទាំងអស់របស់ខ្លួន ចេញពីប្រទេសកូរ៉េខាងជើង ខណៈដែលសហរដ្ឋអាមេរិកក៏ដកកម្លាំងរបស់ខ្លួនចេញពីប្រទេសកូរ៉េខាងត្បូង នៅក្នុងពាក់កណ្តាលឆ្នាំ ១៩៤៩ផងដែរ។ កងទ័ពកូរ៉េខាងជើងបានចូលឈ្លានពានប្រទេសកូរ៉េខាងត្បូង ក្នុងខែមិថុនា ឆ្នាំ១៩៥០។

ពេលនោះហើយសង្គ្រាមរវាងប្រជាជាតិកូរ៉េបានចាប់ផ្តើមឡើង។ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៥០ ប្រទេសកូរ៉េបានក្លាយជាសមរភូមិប្រយុទ្ធ ស្របពេលដែលសង្គ្រាមត្រជាក់កំពុងតែពុះពោរ។

 

V. សង្គ្រាមកូរ៉េ

សង្គ្រាមរវាងប្រជាជាតិកូរ៉េ គឺជាសង្គ្រាមដំបូងបំផុតដែលអង្គការសហប្រជាជាតិបានដើរតួនាទី ជាកងកម្លាំងយោធា។ សង្គ្រាមនេះជា ចម្បាំងដ៏ធំមួយសម្រាប់អង្គការសហប្រជាជាតិ ដែលទើបតែបង្កើត ឡើងបានប្រាំឆ្នាំដំបូងប៉ុណ្ណោះ។ សង្គ្រាមកូរ៉េ បានចាប់ផ្តើមពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ គឺនៅពេល ដែលកងកម្លាំងកុម្មុយនីស្ត របស់កូរ៉េខាងជើង បាន​ឈ្លានពានចូលទឹកដីរបស់កូរ៉េខាងត្បូង។ អង្គការសហប្រជាជាតិហៅ ការឈ្លានពាន​នេះថាជា​ការរំលោភ​បំពានទៅ​លើសន្តិភាព​អន្តរជាតិ(Violation of International Peace) ព្រមទាំងបានស្នើរសុំឲ្យ ពួកកុម្មុយនីស្តដកទ័ពចេញ ពីប្រទេស កូរ៉េខាងត្បូង ប៉ុន្តែពួក កុម្មុយនីស្តនៅតែបន្តប្រយុទ្ធ ដោយមិនខ្វល់ពីសំណើរ របស់អង្គការសហប្រជាជាតិឡើយ។

បន្ទាប់មកអង្គការសហប្រជាជាតិបានស្នើសុំប្រទេសជាសមាជិករបស់ខ្លួននូវកងកម្លាំង ជួយប្រទេស កូរ៉េ ខាងត្បូង។ ប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិទាំង១៦ បានបញ្ជូនកងយោធា ទៅកាន់ប្រទេស កូរ៉េខាងត្បូង ហើយ​ប្រទេសជាសមាជិកចំនួន៤១ ផ្សេងទៀតបានផ្តល់ជាសម្ភារៈសឹក និងស្បៀងអាហារ ហើយ​មាន​ប្រទេស​មួយចំនួនទៀតបានផ្តល់ជាជំនួយផ្សេងៗ។

គួរបញ្ជាក់ថាសហរដ្ឋអាមេរិក បានផ្តល់ជំនួយប្រហែល៩០ភាគរយនៃកងកម្លាំង គ្រឿងសព្វាវុធ និងគ្រឿង ផ្គត់ផ្គង់ផ្សេងៗទៀត ទៅប្រទេស កូរ៉េខាងត្បូង។ ចំណែកប្រទេស ចិន និងសហភាពសូវៀត ជាអ្នកផ្តល់ការ ឧបត្ថម្ភ និងជួយប្រយុទ្ធសម្រាប់ប្រទេស កូរ៉េខាងជើង។
សង្គ្រាមកូរ៉េបានបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ គឺនៅពេលដែលអង្គការសហប្រជាជាតិ និងប្រទេស កូរ៉េខាងជើង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។ សន្ធិសញ្ញាសន្តិភាព(Permanent Peace) រវាងប្រទេស កូរ៉េខាងជើង និងខាងត្បូង មិនត្រូវបានចុះហត្ថលេខាឡើយ។ ទោះជាយ៉ាងណាក៏ដោយ កង កម្លាំងយោធាសហរដ្ឋអាមេរិក នៅ​តែ​ឈរ​ជើង​នៅក្នុងប្រទេស កូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ បញ្ហាជម្លោះទាំងឡាយ ដែលអាចកើតមានរវាងប្រទេសទាំងពីរ។
សង្គ្រាម​កូរ៉េ គឺជាសង្គ្រាមបង្ហូរឈាមដ៏ខ្លាំងក្លាបំផុតមួយនៅក្នុងប្រវត្តិសាស្រ្ត។

ជនស៊ីវិលកូរ៉េខាងត្បូង ប្រមាណជាមួយលាននាក់ ត្រូវបានសម្លាប់ និងជាច្រើនលាន នាក់ផ្សេងទៀត ត្រូវបាន​ជម្លៀស​ចេញ​ពីផ្ទះ សម្បែង។ កងទាហានកូរ៉េខាងត្បូង រួមនឹងទាហានរបស់អង្គការសហប្រជាជាតិ ប្រមាណជា៥៨០ពាន់នាក់ និង​ទាហាន​របស់​កូរ៉េខាងជើងប្រមាណជា ១៦០០ពាន់នាក់ត្រូវស្លាប់ និងរបួស។

VI. ការបញ្ចប់សង្គ្រាម

ក្តីរំពឹងថាសន្តិភាពនឹងកើតមានឡើង ក៏ចាប់ផ្តើមលេចឡើងខ្លះៗ នៅពេលដែលលោក យ៉ាកុបម៉ាលិក ជាគណៈប្រតិភូសហភាពសូវៀតបានធ្វើដំណើរទៅកាន់អង្គការសហប្រជាជាតិ និងបានធ្វើការស្នើសុំបញ្ឈប់ សង្គ្រាមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៥១។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៥១ នៅក្នុងទីក្រុង វ៉ាស៊ីនតោន លោក រីត វេ បាន​ឲ្យជាយោបល់ផ្សេងៗ ដើម្បីរៀបចំការប្រជុំ រវាងមេដឹកនាំទ័ពសម្ព័ន្ធមិត្ត និងមន្រ្តីយោធាកុម្មុយនីស្ត ក្នុងការពិភាក្សាដើម្បីផ្អាកសង្គ្រាម ។ កិច្ចប្រជុំពិភាក្សាបានចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥១។

ការពិភាក្សានេះបានបន្តជាបន្តបន្ទាប់រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៥១ ទើបគូទាំងសងខាងបានយល់ព្រមថា ខ្សែបន្ទាត់ប្រយុទ្ធដែលកើតមាន គួរតែជាខ្សែបន្ទាត់បែងចែក រវាងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ កិច្ចព្រមព្រៀងនេះ ជាឥទ្ធិពលទៅលើភាគីទាំងសងខាង។
ទោះបីជាយ៉ាងនេះក្តី នៅមានវិបត្តិមួយចំនួនទៀតចោទជាបញ្ហា ជាពិសេសការធ្វើមាតុភូមិនិវត្តន៍ ដោយចេតនារបស់ ពួកអ្នកទោសជាប់គុក ឬជនឈ្លើយសឹកសង្គ្រាម។

ទីបញ្ជាការរបស់អង្គការសហប្រជាជាតិបានទទូចថា ជនឈ្លើយសឹកទាំងពីរប្រទេស ត្រូវបានអនុញ្ញាតឲ្យ ជ្រើសរើស ថាតើគួរ ឬមិនគួរត្រឡប់ ទៅស្រុកកំណើតរបស់ពួកគេវិញ។ អ្នកទោសជនជាតិចិន របស់សម្ព័ន្ធមិត្ត ដែលចាប់បានក្នុងពេលសង្គ្រាម បានបង្កនូវការតវ៉ាដោយហិង្សា ប្រឆាំងនឹងការបង្ខំឲ្យពួកគេ ត្រឡប់ទៅផ្ទះរបស់ ខ្លួនវិញ។

ពួកកុម្មុយនីស្តមិនយល់ព្រមតាមការទទូចរបស់អង្គការសហប្រជាជាតិ ដោយមិនទទួល ស្គាល់ថា​លទិ្ធកុម្មុយ​នីសមាន​កំហុសនោះទេ។
នៅចុងខែ មេសា ឆ្នាំ១៩៥២ កិច្ចពិភាក្សាបញ្ចប់សង្គ្រាមត្រូវបាន ឈប់​ផ្អាកដោយការ​មិនឯកភាពគ្នា​ជុំវិញបញ្ហាការ​ធ្វើមាតុភូមិ​និវត្តន៍ដោយ​ចេតនា។ ការប្រយុទ្ធគ្នានៅតែបន្តកើតមាននៅតាមខ្សែបន្ទាត់សមរភូមិ។ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៥២ ទីបញ្ជាការ​អង្គការសហប្រជាជាតិបានលើកកាលវេលាកិច្ចប្រជុំពិភាក្សាក្នុងបញ្ហាបញ្ចប់សង្គ្រាមនេះ ដោយ​និយាយ​ថាកិច្ចពិភាក្សា​នេះគួរបន្តធ្វើនៅពេលណាដែលពួកកុម្មុយនីស បានត្រៀម​រួចរាល់​ក្នុងការ​ឲ្យយោបល់​សម្រាប់​ដោះស្រាយ​បញ្ហាមួយ​ដែលនៅសល់គឺ បញ្ហាការធ្វើមាតុភូមនិវត្តន៍ដោយចេតនា។
លោកឧត្តមសេនីយ៍ Mark W. Clark បានមកជំនួសតំណែងលោក រីត វេ ក្នុងឋានៈជាមេ បញ្ជាការ​នៃទីបញ្ជាការ​របស់អង្គការ​សហប្រជាជាតិ ក្នុងខែឧសភា ឆ្នាំ១៩៥២។ បន្ទាប់មកនៅថ្ងៃទី៥ ខែមិនា ឆ្នាំ១៩៥៣ នាយករដ្ឋមន្ត្រីសហភាពសូវៀត លោក យ៉ូសេប ស្តាលីន បានទទួលមរណៈភាព។ បន្ទាប់ពីមរណៈភាពរបស់លោក ស្តាលីន មេដឹកនាំ​សូវៀតបានចាប់​ផ្តើមពិភាក្សា​លើដំណោះស្រាយរាល់ជម្លោះទាំងឡាយតាមផ្លូវសន្តិភាព។ នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ១៩៥៣ ពួកកុម្មុយនីស្ត បានយល់ព្រមលើកសំណើរ ដំបូងរបស់អង្គការ សហប្រជាជាតិ ក្នុងការផ្លាស់ប្តូរ ជនឈ្លើយសឹកណា ដែល មានជម្ងឺ និងមានរបួស។ ពួកកុម្មុយនីស្តក៏បានចង្អុលផងដែរថា កិច្ចពិភាក្សាបញ្ចប់សង្គ្រាមគួរតែធ្វើបន្តទៀត។

កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ហើយការប្រយុទ្ធគ្នាត្រូវបញ្ចប់។ តំបន់ការពារ ឬតំបន់ស ត្រូវបានបែងចែកជាពីរផ្នែក ដោយតំបន់នេះមានទទឹង៤គីឡូម៉ែត្រ តាមបណ្តោយខ្សែបន្ទាត់សមរភូមិចុងក្រោយ។ ទឹកដីនៃប្រទេសកូរ៉េខាងត្បូងបានកើនឡើងប្រមាណជា ៣.៨៨០គីឡូម៉ែត្រការ៉េ។

ភាគីទាំងពីរបានយល់ព្រមមិនបង្កើនកម្លាំងយោធារបស់ខ្លួនទៀតទេ។ គណៈកម្មការយុទ្ធសន្តិភាព រួមជាមួយនឹងតំណាងនៃប្រទេសទាំងពីរបានរៀបចំឲ្យដំណើរការនូវពាក្យ យុទ្ធសន្តិភាព។ បន្ទាប់​ពីយុទ្ធសន្តិភាពនេះ​ត្រូវបានចុះ​ហត្ថលេខា ភាគីទាំងសង​ខាងបានដាក់​បន្ទុកទៅលើគ្នាទៅវិញ​ទៅមក​តាមរយៈការធ្វើទារណ្ឌកម្ម ការបង្អត់អាហារអ្នកទោស និងបទឧក្រិដ្ឋនៃសង្រ្គាមផ្សេងៗទៀត។ ប្រទេសកូរ៉េខាងជើង និងពួកកុម្មុយនីស្តចិន ត្រូវបានគេចោទថា បានបញ្ចុះបញ្ចូលប្តូរគំនិត។

មហាសន្និបាទរបស់អង្គការសហប្រជាជាតិក៏មានការយល់ចំពោះការសម្រេច ចិត្តទូទៅក្នុងការដាក់ទោស ទៅលើទង្វើបែបនេះ។
នៅទីបញ្ជាការអង្គការ​សហប្រជាជាតិ និងពួកកុម្មុយនីស្តបានបញ្ចប់ការដោះដូរជនឈ្លើយសឹក ចំនួន៨៨.៥៩៩នាក់នៅក្នុងខែកញ្ញា ឆ្នាំ១៩៥៣។ គណកម្មការជនមាតុភូមិនិវត្តន៍អព្យាក្រិត្យរបស់ជាតិ បានទទួលយកនូវសិទ្ធព្យាបាលរបស់អ្នកទោសណាដែលមិនត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ។

យុទ្ធសន្តិភាពបានបន្ថែមថា ប្រតិភូ ឬអ្នកទស្សនាទាំងឡាយណា ដែលមកពីប្រទេសផ្សេងៗអាចទស្សនា ឬសួរ​សុខទុក្ខ​អ្នកទោស​ទាំងនោះ និងអាចសាកល្បងបញ្ចុះបញ្ចូលពួកគេឲ្យត្រឡប់ទៅផ្ទះ របស់ពួកគេវិញបាន។ មាន​អ្នក​ទោស​ជន​ជាតិ​ចិន​ចំនួន ១៤២.២៧នាក់ និងជនជាតិកូរ៉េខាងជើង ៧៥៨នាក់ កូរ៉េខាងត្បូង៣២៥នាក់ អាមេរិក២១នាក់ និងអង់គ្លេសម្នាក់១នាក់ មិនព្រមត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញឡើយ។ ក្រោយមក មានអ្នកទោសមួយចំនួនក្នុងចំណោមអ្នកទោសទាំងនោះ បាន​ផ្លាស់ប្តូរគំនិតចង់ទៅ ប្រទេសកំណើតរបស់ខ្លួនវិញ។

ដោយសារតែប្រទេសកូរ៉េទាំងពីរធ្លាប់មានស្នាមរបួសក្នុងអតីតកាល រួមជាមួយនឹងបញ្ហាមួយ ចំនួន​ដែល​ពុំ​អាច​ដោះស្រាយ​បាន​ដាច់​ស្រលះ និងបញ្ហាផ្សេងៗចេះតែកើតមានឡើងជាបន្តបន្ទាប់ បណ្តាលឲ្យប្រទេសទាំងពីរ ពិបាក​វិល​ទៅ​បង្រួប​បង្រួម​ជា​ប្រទេសតែមួយបាន។ អ្វីដែលសំខាន់បំផុតនោះ ភាគីខាងជើង ព្យាយាមពង្រីកអំណាចខាងគ្រឿងសព្វាវុធ និងអាវុធនុយក្លេអែរ ដែលធ្វើឲ្យសហគមន៍ អន្តរជាតិរួមជាមួយកូរ៉េខាងត្បូងព្យាយាមគ្រប់មធ្យោបាយប្រឆាំងជាមួយប្រទេសកុម្មុយនីសមួយនេះ។

អ្វីដែលសំខាន់បំផុតនោះគឺ បន្ទាប់ពីជប៉ុនដកថយចេញទៅ ប្រទេសកូរ៉េ មានមហាអំណាចនៅពី ក្រោយខ្នង រៀងៗខ្លួន ស្របពេលដែលមហាអំណាចទាំងពីរកំពុងប្រឈមមុខដាក់គ្នា ក្នុងសម័យសង្រ្គាមត្រជាក់ផងនោះ ជាមូលហេតុមួយ ដែលធ្វើឲ្យកូរ៉េដែលធ្លាប់ជាប្រទេសតែមួយ ប្រែក្លាយជាប្រទេសពីរផ្សេងគ្នា ពិបាកបំផុត ក្នុងការវិលទៅរកការបង្រួបបង្រួមជាប្រជាជាតិតែមួយ៕


Source: DAP-NEWS

ចូរនិយាយ សង្ខេបអំពីសាវតា ប្រវត្តិសាស្រ្តខ្មែរ ទាក់ទងនឹងពាក្យ “ភ្នំពេញ”

សាវតាប្រវត្តិខ្មែរសង្ខេបទាក់ទងពាក្យ “ភ្នំពេញ” គឺមាន៖

ភ្នំពេញជាឈ្មោះក្រុង ជារាជធានីនៃកម្ពុជារដ្ឋ ស្ថិតនៅជាប់ តពីត្រើយខាងលិចនៃទន្លេចតុមុខ ហៅតាម ឈ្មោះភ្នំដីមួយតូច ដែលមាននៅជាគោលក្នុងនោះ ។ តាមព្រះរាជពង្សាវតា ប្រទេសកម្ពុជាថា កាល គ.ស១៤៣៤ ព្រះបាទពញាយ៉ាត ទ្រង់ចាកចេញចោលព្រះរាជវាំងបាសាណនៅ ស្រីសន្ធរមកតាំងព្រះរាជវាំង នៅទិសអាគ្នេយ៍នៃ “ភ្នំដូនពេញ” នាត្រើយខាងលិចទន្លេច្រាបឈាម ។ កាលនោះទ្រង់បានសន្មត តាំងគោរមងារជាដំបូងថា “ក្រុងចតុមុខមង្គលសកលកម្ពុជាធិបតី សិរីសោធរបវរឥន្ទបត្តបុរីរដ្ឋ រាជសីមាមហា នគរ”​ ។  ឯឈ្មោះទន្លេច្រាបឈាម ទ្រង់បានបញ្ញាត្តិអោយហៅថា “ទន្លេចតុមុខ” វិញ ។

លុះមកដល់ គ.ស១៤៣៧ នៅពេលធ្វើពិធីសម្ភោធក្រុងនេះ ព្រមទាំងធ្វើព្រះរាជពិធី រាជាភិសេក ថ្វាយព្រះនាមទ្រង់ជាថ្មី ផងនេះ ព្រះអង្គក៏បានអោយសន្មតមានក្រុងថ្មីម្តងទៀត ដោយថែមពាក្យ “ភ្នំដូនពេញ” មកទៀត តែអោយខ្លីជាងមុនថា “ក្រុងចតុមុខមហានគរភ្នំដូនពេញ” ដូចនេះវិញ ដើម្បីកុំអោយបាត់ឈ្មោះ និង កេរ្តិ៍ដំនែលរបស់ដូនពេញ ។ តមកគេហៅកាត់ខ្លីត្រឹមតែ “ភ្នំពេញ” ដរាបមកដល់សព្វថ្ងៃ ។

ប្រវត្តិ ធនាគារជាតិនៃកម្ពុជា

ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពីប្រទេសជាតិ បានទទួលឯករាជ្យពី អាណានិគមនិយមបារាំង និង បន្ទាប់ពីវិទ្យាស្ថានបោះប្រាក់ ឥណ្ឌូចិនត្រូវបានបិទទ្វារ។

 

ធនាគារជាតិនៃកម្ពុជា បានបោះផ្សាយប្រាក់រៀល ឯករាជ្យរបស់ខ្លួន ដើម្បីបញ្ចប់ជាស្ថាពរនូវ សម្ព័ន្ធភាពជាមួយប្រាក់ វៀតណាម និង ឡាវ ។ ពេល នោះប្រព័ន្ធធនាគារក្នុងប្រទេស ត្រូវបានបង្កើតឡើងដោយមាន ធនាគាររដ្ឋ និង ធនាគារឯកជន ធ្វើប្រតិបត្តិការទន្ទឹមគ្នាលើ ដែនដីប្រទេសកម្ពុជា។

 

នៅឆ្នាំ ១៩៦៤ ដើម្បីបំរើឱ្យគោលនយោបាយ កសាងជាតិនៃសង្គមរាស្ត្រនិយម រដ្ឋបានធ្វើការកែទម្រង់ ប្រព័ន្ធធនាគារជាបន្តបន្ទាប់ ដើម្បីតម្រូវទៅតាម សេចក្តីត្រូវការនៃ សេដ្ឋកិច្ចជាតិនាសម័យនោះ ដោយបានប្រែក្លាយធនាគារ ជាតិនៃកម្ពុជាពីទម្រង់ស្ថាប័ន ពាក់កណ្តាលស្វ័យតទៅជា ធនាគាររដ្ឋក្រោម ទម្រង់ជាស្ថាប័នសាធារណៈ ដែលមានលក្ខណៈឧស្សាហកម្ម និង ពាណិជ្ជកម្ម ចំណែកឯ ធនាគារឯកជនជាតិ និងបរទេសត្រូវបានបិទទ្វារ ហើយរដ្ឋបាន បង្កើតធនាគារដែលកាន់កាប់ ដោយរដ្ឋមួយចំនួនដូចជា ធនាគារឥណទាន ជាតិធនាគារអភិវឌ្ឍន៍ និងធនាគារកសិកម្មជនបទ។

 

ចាប់តាំងពីចុងឆ្នាំ១៩៧០ រហូតដល់ខែមេសា ឆ្នាំ១៩៧៥ រដ្ឋបានធ្វើសេរី ភាវូបនីយកម្មជាថ្មី ទៅលើប្រព័ន្ធធនាគារ។ ធនាគារឯកជ នត្រូវបានអនុញ្ញាត ឱ្យធ្វើសកម្មភាពទន្ទឹមគ្នា នឹងធនាគាររដ្ឋ ក្រោមការបញ្ជាណែនាំ និងការត្រួតពិនិត្យរបស់ ធនាគារជាតិនៃកម្ពុជា។

 

ជាអកុសលនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ធនាគារជាតិនៃកម្ពុជា ត្រូវបានបិទទ្វារប្រព័ន្ធធនាគារ ទូទាំងប្រទេសត្រូវបាន លុបបំបាត់ចោលអគារធនាគារ ជាតិនៃកម្ពុជាត្រូវបានកម្ទេច រូបិយវត្ថុជាតិត្រូវបាន ឈប់ប្រើប្រាស់។

 

រហូតមកដល់ឆ្នាំ ១៩៧៩ ទើបធនាគារជាតិនៃកម្ពុជា ត្រូវបានរៀបចំឡើងវិញ ក្នុងនាមជាធនាគារកណ្តាល របស់ប្រទេសនៅថ្ងៃទី ១០ ខែតុលា។ នៅពេល នោះធនាគារជាតិនៃកម្ពុជា ត្រូវបានស្តារឡើងវិញ ពីកំរិតសូន្យទាំងហេដ្ឋារចនា សម្ព័ន្ធ និងធនធានមនុស្សត្រូវបាន ប្រមែប្រមូល និងកសាងជាបណ្តើរ ៗ រហូតបង្កើតបានជាស្ថាប័នធនាគារជាតិមួយ ដែលមានឈ្មោះថា “ធនាគារជាតិ នៃប្រជាជនកម្ពុជា”។

 

ដោយសារអគារធនាគារក្រហម ត្រូវបានកម្ទេចទៅហើយនោះ ធនាគារជាតិនៃប្រជាជនកម្ពុជា បានបើកស្នាក់ការកណ្តាលរបស់ខ្លួន ជាបណ្ដោះអាសន្ននៅ លើអគារអតីតធនាគារខ្មែរ សម្រាប់ពាណិជ្ជកម្ម ហើយបានរៀបចំរចនាសម្ព័ន្ធ ក្បាលម៉ាស៊ីនដឹកនាំ និងសកម្មភាពប្រតិបត្តិការ នៅទីស្នាក់ការកណ្តាល និងបានពង្រីកបណ្តាញ ទៅបណ្តាខេត្ត-ក្រុងទាំង ២០ ទូទាំងប្រទេស ធនាគារជាតិនៃប្រជាជនកម្ពុជា បានបោះផ្សាយប្រាក់រៀលឡើងវិញ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៨០ ដើម្បីជួយសម្រួលដល់ការ ទូទាត់ក្នុងជីវភាពរស់នៅ របស់ប្រជាជន។ ចំណែកឯ អគារធនាគារជាតិនៃកម្ពុជា ដែលបាក់បែកត្រូវ បានរុះរើ និងសាងសង់ជាថ្មីឡើងវិញនៅឆ្នាំ ១៩៩០ ។

 

ចាប់ពីឆ្នាំ ១៩៨៩ ប្រព័ន្ធធនាគារត្រូវបាន ធ្វើការកែទម្រង់។ ធនាគារខេត្ត-ក្រុង ទាំង ២០ ត្រូវបានប្តូរឈ្មោះ មកជាធនាគារឯកទេសខេត្ត-ក្រុងវិញ ហើយធ្វើ សកម្មភាពនៅលើដែនដីរបស់ខ្លួន តាមរបបស្វ័យាភិបាលសេដ្ឋកិច្ច និង ស្វ័យភាពហិរញ្ញវត្ថុ ដោយមានធនាគារជាតិ នៃប្រជាជនកម្ពុជាជាអ្នកបញ្ជា ណែនាំនិងត្រួតពិនិត្យ។

 

ក្រោយពីមានសន្ធិសញ្ញា សន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ របត់នយោបាយ មួយត្រូវបានបង្កើតឡើងរបប សេដ្ឋកិច្ចត្រូវបានផ្លាស់ ប្តូរពី សេដ្ឋកិច្ចផែនការមកជា សេដ្ឋកិច្ចទីផ្សារ ដែលញ៉ាំងឱ្យមានការកែប្រែប្រព័ន្ធ ធនាគារនៅកម្ពុជា ពីប្រព័ន្ធធនាគារមួយថ្នាក់ មកជាប្រព័ន្ធធនាគារពីរថ្នាក់ ហើយរដ្ឋបានបើកទូលាយ ចំពោះអាជីវកម្មលើ វិស័យធនាគារតាមរយៈការ អនុញ្ញាតឱ្យមានធនាគារពាណិជ្ជ ក្រោមច្បាប់ក្នុងស្រុកឬ ក្រោមទម្រង់ជា សាខាធនាគារបរទេស។ ប្រការនេះតម្រូវឱ្យ ធនាគារជាតិនៃកម្ពុជាពង្រឹង តួនាទីរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាព បញ្ជាណែនាំ និងត្រួតពិនិត្យ ដោយបានបង្កើតច្បាប់ និងប្រកាសផ្សេងៗ ជាបន្តបន្ទាប់រួមមាន ៖

 

១) ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃ ធនាគារជាតិនៃកម្ពុជា រដ្ឋសភា បានអនុមត័នៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ។ ច្បាប់នេះបានកំណត់ បេសកកម្មចម្បង របស់ធនាគារជាតិនៃកម្ពុជាគឺ “កំណត់ និងដឹកនាំ នយោបាយរូបិយវត្ថុ ដើម្បីរក្សាថ្លៃអោយមានស្ថិរភាព”

 

២) ច្បាប់ស្តីពីការគ្រប់គ្រង ការប្តូរប្រាក់រដ្ឋសភាអនុម័ត នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ១៩៩៧

 

៣) ច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ រដ្ឋសភាអនុម័ត នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ និងចុងក្រោយនេះធនាគារជាតិនៃកម្ពុជា បានចងក្រង ឯកសារចក្ខុវិស័យ និងផែនការអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០០១-២០១០ ដែលជាឯកសារជាយុទ្ធសាស្ត្រ សម្រាប់អភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅ កម្ពុជាឱ្យមានភាពជឿនលឿន ប្រកបដោយជំនឿទុកចិត្ត ពីសាធារណជន និង អាចធ្វើសមាហរណកម្ម ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ពិភពលោក។

 

ក្នុងនាមធនាគារកណ្តាល ដើម្បីលើកមុខមាត់ និងកិត្យានុភាពរបស់ខ្លួនឱ្យ សក្កិសមជាអាជ្ញាធរ អាណាព្យាបាលលើវិស័យ ធនាគារអគារ ធនាគារជាតិនៃ កម្ពុជាត្រូវបានកែលំអ ផ្នែកសោភ័ណភាពនៅឆ្នាំ ២០០៣ ។

សរុបសេចក្តីមក ដើមកំណើតរបស់ធនាគារជាតិ នៃកម្ពុជាចែកចេញជាបី ដំណាក់កាល គឺ

 

១) ដំណាក់កាលពីឆ្នាំ ១៩៥៤ ដល់ឆ្នាំ ១៩៧៥ ៖ ជាដំណាក់កាលដែល ធនាគារជាតិនៃកម្ពុជា មានឯករាជ្យភាពក្នុងការ ធ្វើប្រតិបត្តិការ មានស្វ័យភាព ក្នុងការបោះផ្សាយប្រាក់រៀល ដែលជារូបិយវត្ថុជាតិ និងបានគ្រប់គ្រងប្រព័ន្ធ ធនាគារដោយខ្លួនឯង នៅលើដែនដីនៃប្រទេសកម្ពុជា ។

 

២) ដំណាក់កាលពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ៖ ជាយុគសម័យដែល ធនាគារ ជាតិនៃកម្ពុជាត្រូវបានបិទទ្វារ លែងដំណើរការប្រព័ន្ធ ធនាគារទាំងមូលត្រូវ បានកំទេចចោលទាំងស្រុង ។

 

៣) ដំណាក់កាលពីឆ្នាំ ១៩៧៩ រហូតដល់បច្ចុប្បន្ន ៖ ជាដំណាក់កាលដែល ធនាគារជាតិនៃកម្ពុជា ត្រូវបានរស់រានឡើងវិញ និងត្រូវបានពង្រឹងជាបណ្តើរ ៗ រហូតទទួលបានការទទួលស្គាល់ គួរជាទីមោទនៈពី មជ្ឈដ្ឋានអន្តរជាតិ។

 

Wiki Pedia / NBCorg.kh

មុខតំណែងរបស់ព្រះបាទ នរោត្ដម សីហនុ

ព្រះបាទ នរោត្ដម សីហនុ ត្រូវ “Guinness World Record” កត់ត្រាព្រះបរមងារ និងមុខតំណែងដែល ព្រះអង្គទ្រង់មានច្រើន ជាងគេលើលោក។

ព្រះអង្គ ទ្រង់ត្រូវ បានជ្រើសតាំងដូចជា៖

  • ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា គិតចាប់ពី ឆ្នាំ១៩៤១ដល់ឆ្នាំ១៩៥៥ ។
  • ពីឆ្នាំ ១៩៥៥ដល់១៩៦៦ ជានាយករដ្ឋមន្ដ្រី ។
  • ពីឆ្នាំ ១៩៦០ដល់១៩៧០ ជាព្រះប្រមុខរដ្ឋ និងជាព្រះប្រធាន នៅក្នុងឆ្នាំ១៩៧៦ ខណៈដែល ព្រះអង្គត្រូវបាន និរទេស នៅក្រៅប្រទេស និង
  • នៅឆ្នាំ ១៩៨២ ដល់ ១៩៨៨ ជាប្រមុខរដ្ឋខណៈដែលព្រះអង្គ និរទេសនៅ ក្រៅស្រុក និងពីឆ្នាំ ១៩៨៩ដល់១៩៩១ ក៏ជាព្រះប្រមុខរដ្ឋ ។
  • ក្នុងឆ្នាំ១៩៩១ ជាព្រះប្រធាន ក្រុមប្រឹក្សាជាតិ និងជាព្រះប្រមុខ រដ្ឋពីឆ្នាំ ១៩៩១ដល់ ១៩៩៣ ។
  • នៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គទ្រង់បាន ជ្រើសតាំងជា ព្រះមហាក្សត្រ ជាថ្មីម្ដងទៀត៕

Source: Most state roles held by a modern royal / When: 01 Jan 1993