Skip to content

ធនាគារជាតិនៃកម្ពុជា

ប្រវត្តិ ធនាគារជាតិនៃកម្ពុជា

ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពីប្រទេសជាតិ បានទទួលឯករាជ្យពី អាណានិគមនិយមបារាំង និង បន្ទាប់ពីវិទ្យាស្ថានបោះប្រាក់ ឥណ្ឌូចិនត្រូវបានបិទទ្វារ។

 

ធនាគារជាតិនៃកម្ពុជា បានបោះផ្សាយប្រាក់រៀល ឯករាជ្យរបស់ខ្លួន ដើម្បីបញ្ចប់ជាស្ថាពរនូវ សម្ព័ន្ធភាពជាមួយប្រាក់ វៀតណាម និង ឡាវ ។ ពេល នោះប្រព័ន្ធធនាគារក្នុងប្រទេស ត្រូវបានបង្កើតឡើងដោយមាន ធនាគាររដ្ឋ និង ធនាគារឯកជន ធ្វើប្រតិបត្តិការទន្ទឹមគ្នាលើ ដែនដីប្រទេសកម្ពុជា។

 

នៅឆ្នាំ ១៩៦៤ ដើម្បីបំរើឱ្យគោលនយោបាយ កសាងជាតិនៃសង្គមរាស្ត្រនិយម រដ្ឋបានធ្វើការកែទម្រង់ ប្រព័ន្ធធនាគារជាបន្តបន្ទាប់ ដើម្បីតម្រូវទៅតាម សេចក្តីត្រូវការនៃ សេដ្ឋកិច្ចជាតិនាសម័យនោះ ដោយបានប្រែក្លាយធនាគារ ជាតិនៃកម្ពុជាពីទម្រង់ស្ថាប័ន ពាក់កណ្តាលស្វ័យតទៅជា ធនាគាររដ្ឋក្រោម ទម្រង់ជាស្ថាប័នសាធារណៈ ដែលមានលក្ខណៈឧស្សាហកម្ម និង ពាណិជ្ជកម្ម ចំណែកឯ ធនាគារឯកជនជាតិ និងបរទេសត្រូវបានបិទទ្វារ ហើយរដ្ឋបាន បង្កើតធនាគារដែលកាន់កាប់ ដោយរដ្ឋមួយចំនួនដូចជា ធនាគារឥណទាន ជាតិធនាគារអភិវឌ្ឍន៍ និងធនាគារកសិកម្មជនបទ។

 

ចាប់តាំងពីចុងឆ្នាំ១៩៧០ រហូតដល់ខែមេសា ឆ្នាំ១៩៧៥ រដ្ឋបានធ្វើសេរី ភាវូបនីយកម្មជាថ្មី ទៅលើប្រព័ន្ធធនាគារ។ ធនាគារឯកជ នត្រូវបានអនុញ្ញាត ឱ្យធ្វើសកម្មភាពទន្ទឹមគ្នា នឹងធនាគាររដ្ឋ ក្រោមការបញ្ជាណែនាំ និងការត្រួតពិនិត្យរបស់ ធនាគារជាតិនៃកម្ពុជា។

 

ជាអកុសលនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ធនាគារជាតិនៃកម្ពុជា ត្រូវបានបិទទ្វារប្រព័ន្ធធនាគារ ទូទាំងប្រទេសត្រូវបាន លុបបំបាត់ចោលអគារធនាគារ ជាតិនៃកម្ពុជាត្រូវបានកម្ទេច រូបិយវត្ថុជាតិត្រូវបាន ឈប់ប្រើប្រាស់។

 

រហូតមកដល់ឆ្នាំ ១៩៧៩ ទើបធនាគារជាតិនៃកម្ពុជា ត្រូវបានរៀបចំឡើងវិញ ក្នុងនាមជាធនាគារកណ្តាល របស់ប្រទេសនៅថ្ងៃទី ១០ ខែតុលា។ នៅពេល នោះធនាគារជាតិនៃកម្ពុជា ត្រូវបានស្តារឡើងវិញ ពីកំរិតសូន្យទាំងហេដ្ឋារចនា សម្ព័ន្ធ និងធនធានមនុស្សត្រូវបាន ប្រមែប្រមូល និងកសាងជាបណ្តើរ ៗ រហូតបង្កើតបានជាស្ថាប័នធនាគារជាតិមួយ ដែលមានឈ្មោះថា “ធនាគារជាតិ នៃប្រជាជនកម្ពុជា”។

 

ដោយសារអគារធនាគារក្រហម ត្រូវបានកម្ទេចទៅហើយនោះ ធនាគារជាតិនៃប្រជាជនកម្ពុជា បានបើកស្នាក់ការកណ្តាលរបស់ខ្លួន ជាបណ្ដោះអាសន្ននៅ លើអគារអតីតធនាគារខ្មែរ សម្រាប់ពាណិជ្ជកម្ម ហើយបានរៀបចំរចនាសម្ព័ន្ធ ក្បាលម៉ាស៊ីនដឹកនាំ និងសកម្មភាពប្រតិបត្តិការ នៅទីស្នាក់ការកណ្តាល និងបានពង្រីកបណ្តាញ ទៅបណ្តាខេត្ត-ក្រុងទាំង ២០ ទូទាំងប្រទេស ធនាគារជាតិនៃប្រជាជនកម្ពុជា បានបោះផ្សាយប្រាក់រៀលឡើងវិញ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៨០ ដើម្បីជួយសម្រួលដល់ការ ទូទាត់ក្នុងជីវភាពរស់នៅ របស់ប្រជាជន។ ចំណែកឯ អគារធនាគារជាតិនៃកម្ពុជា ដែលបាក់បែកត្រូវ បានរុះរើ និងសាងសង់ជាថ្មីឡើងវិញនៅឆ្នាំ ១៩៩០ ។

 

ចាប់ពីឆ្នាំ ១៩៨៩ ប្រព័ន្ធធនាគារត្រូវបាន ធ្វើការកែទម្រង់។ ធនាគារខេត្ត-ក្រុង ទាំង ២០ ត្រូវបានប្តូរឈ្មោះ មកជាធនាគារឯកទេសខេត្ត-ក្រុងវិញ ហើយធ្វើ សកម្មភាពនៅលើដែនដីរបស់ខ្លួន តាមរបបស្វ័យាភិបាលសេដ្ឋកិច្ច និង ស្វ័យភាពហិរញ្ញវត្ថុ ដោយមានធនាគារជាតិ នៃប្រជាជនកម្ពុជាជាអ្នកបញ្ជា ណែនាំនិងត្រួតពិនិត្យ។

 

ក្រោយពីមានសន្ធិសញ្ញា សន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ របត់នយោបាយ មួយត្រូវបានបង្កើតឡើងរបប សេដ្ឋកិច្ចត្រូវបានផ្លាស់ ប្តូរពី សេដ្ឋកិច្ចផែនការមកជា សេដ្ឋកិច្ចទីផ្សារ ដែលញ៉ាំងឱ្យមានការកែប្រែប្រព័ន្ធ ធនាគារនៅកម្ពុជា ពីប្រព័ន្ធធនាគារមួយថ្នាក់ មកជាប្រព័ន្ធធនាគារពីរថ្នាក់ ហើយរដ្ឋបានបើកទូលាយ ចំពោះអាជីវកម្មលើ វិស័យធនាគារតាមរយៈការ អនុញ្ញាតឱ្យមានធនាគារពាណិជ្ជ ក្រោមច្បាប់ក្នុងស្រុកឬ ក្រោមទម្រង់ជា សាខាធនាគារបរទេស។ ប្រការនេះតម្រូវឱ្យ ធនាគារជាតិនៃកម្ពុជាពង្រឹង តួនាទីរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាព បញ្ជាណែនាំ និងត្រួតពិនិត្យ ដោយបានបង្កើតច្បាប់ និងប្រកាសផ្សេងៗ ជាបន្តបន្ទាប់រួមមាន ៖

 

១) ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃ ធនាគារជាតិនៃកម្ពុជា រដ្ឋសភា បានអនុមត័នៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ។ ច្បាប់នេះបានកំណត់ បេសកកម្មចម្បង របស់ធនាគារជាតិនៃកម្ពុជាគឺ “កំណត់ និងដឹកនាំ នយោបាយរូបិយវត្ថុ ដើម្បីរក្សាថ្លៃអោយមានស្ថិរភាព”

 

២) ច្បាប់ស្តីពីការគ្រប់គ្រង ការប្តូរប្រាក់រដ្ឋសភាអនុម័ត នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ១៩៩៧

 

៣) ច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ រដ្ឋសភាអនុម័ត នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ និងចុងក្រោយនេះធនាគារជាតិនៃកម្ពុជា បានចងក្រង ឯកសារចក្ខុវិស័យ និងផែនការអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០០១-២០១០ ដែលជាឯកសារជាយុទ្ធសាស្ត្រ សម្រាប់អភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅ កម្ពុជាឱ្យមានភាពជឿនលឿន ប្រកបដោយជំនឿទុកចិត្ត ពីសាធារណជន និង អាចធ្វើសមាហរណកម្ម ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ពិភពលោក។

 

ក្នុងនាមធនាគារកណ្តាល ដើម្បីលើកមុខមាត់ និងកិត្យានុភាពរបស់ខ្លួនឱ្យ សក្កិសមជាអាជ្ញាធរ អាណាព្យាបាលលើវិស័យ ធនាគារអគារ ធនាគារជាតិនៃ កម្ពុជាត្រូវបានកែលំអ ផ្នែកសោភ័ណភាពនៅឆ្នាំ ២០០៣ ។

សរុបសេចក្តីមក ដើមកំណើតរបស់ធនាគារជាតិ នៃកម្ពុជាចែកចេញជាបី ដំណាក់កាល គឺ

 

១) ដំណាក់កាលពីឆ្នាំ ១៩៥៤ ដល់ឆ្នាំ ១៩៧៥ ៖ ជាដំណាក់កាលដែល ធនាគារជាតិនៃកម្ពុជា មានឯករាជ្យភាពក្នុងការ ធ្វើប្រតិបត្តិការ មានស្វ័យភាព ក្នុងការបោះផ្សាយប្រាក់រៀល ដែលជារូបិយវត្ថុជាតិ និងបានគ្រប់គ្រងប្រព័ន្ធ ធនាគារដោយខ្លួនឯង នៅលើដែនដីនៃប្រទេសកម្ពុជា ។

 

២) ដំណាក់កាលពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ៖ ជាយុគសម័យដែល ធនាគារ ជាតិនៃកម្ពុជាត្រូវបានបិទទ្វារ លែងដំណើរការប្រព័ន្ធ ធនាគារទាំងមូលត្រូវ បានកំទេចចោលទាំងស្រុង ។

 

៣) ដំណាក់កាលពីឆ្នាំ ១៩៧៩ រហូតដល់បច្ចុប្បន្ន ៖ ជាដំណាក់កាលដែល ធនាគារជាតិនៃកម្ពុជា ត្រូវបានរស់រានឡើងវិញ និងត្រូវបានពង្រឹងជាបណ្តើរ ៗ រហូតទទួលបានការទទួលស្គាល់ គួរជាទីមោទនៈពី មជ្ឈដ្ឋានអន្តរជាតិ។

 

Wiki Pedia / NBCorg.kh