Skip to content

ភ្នំពេញ

ចូរនិយាយ សង្ខេបអំពីសាវតា ប្រវត្តិសាស្រ្តខ្មែរ ទាក់ទងនឹងពាក្យ “ភ្នំពេញ”

សាវតាប្រវត្តិខ្មែរសង្ខេបទាក់ទងពាក្យ “ភ្នំពេញ” គឺមាន៖

ភ្នំពេញជាឈ្មោះក្រុង ជារាជធានីនៃកម្ពុជារដ្ឋ ស្ថិតនៅជាប់ តពីត្រើយខាងលិចនៃទន្លេចតុមុខ ហៅតាម ឈ្មោះភ្នំដីមួយតូច ដែលមាននៅជាគោលក្នុងនោះ ។ តាមព្រះរាជពង្សាវតា ប្រទេសកម្ពុជាថា កាល គ.ស១៤៣៤ ព្រះបាទពញាយ៉ាត ទ្រង់ចាកចេញចោលព្រះរាជវាំងបាសាណនៅ ស្រីសន្ធរមកតាំងព្រះរាជវាំង នៅទិសអាគ្នេយ៍នៃ “ភ្នំដូនពេញ” នាត្រើយខាងលិចទន្លេច្រាបឈាម ។ កាលនោះទ្រង់បានសន្មត តាំងគោរមងារជាដំបូងថា “ក្រុងចតុមុខមង្គលសកលកម្ពុជាធិបតី សិរីសោធរបវរឥន្ទបត្តបុរីរដ្ឋ រាជសីមាមហា នគរ”​ ។  ឯឈ្មោះទន្លេច្រាបឈាម ទ្រង់បានបញ្ញាត្តិអោយហៅថា “ទន្លេចតុមុខ” វិញ ។

លុះមកដល់ គ.ស១៤៣៧ នៅពេលធ្វើពិធីសម្ភោធក្រុងនេះ ព្រមទាំងធ្វើព្រះរាជពិធី រាជាភិសេក ថ្វាយព្រះនាមទ្រង់ជាថ្មី ផងនេះ ព្រះអង្គក៏បានអោយសន្មតមានក្រុងថ្មីម្តងទៀត ដោយថែមពាក្យ “ភ្នំដូនពេញ” មកទៀត តែអោយខ្លីជាងមុនថា “ក្រុងចតុមុខមហានគរភ្នំដូនពេញ” ដូចនេះវិញ ដើម្បីកុំអោយបាត់ឈ្មោះ និង កេរ្តិ៍ដំនែលរបស់ដូនពេញ ។ តមកគេហៅកាត់ខ្លីត្រឹមតែ “ភ្នំពេញ” ដរាបមកដល់សព្វថ្ងៃ ។