Skip to content

សំវិភាគៈ

ដើម្បីក្លាយទៅជាអ្នកដឹកនាំ រឺអ្នកគ្រប់គ្រង រឺអ្នកត្រួតត្រា អ្នកដទៃបានល្អ តើអ្នកដឹកនាំ ត្រូវប្រកាន់នូវ នាយកធម៌ អ្វីខ្លះ?

ដើម្បីក្លាយទៅជាអ្នកដឹកនាំ រឺអ្នកគ្រប់គ្រង រឺអ្នកត្រួតត្រា អ្នកដទៃបានល្អ តើអ្នកដឹកនាំត្រូវប្រកាន់នូវនាយកធម៌ អ្វីខ្លះ? ចូរស្រាយន័យខ្លីៗបញ្ជាក់លើធម៌និមួយៗនោះផង។

 

អ្នកដឹកនាំដែលរក្សាតំលៃខ្លួនទៅបានត្រូវមាននាយកធម៌ ៦យ៉ាងគឺ

  • “ខមា” មានន័យថា សេចក្តីអត់ធន់ ។ គឺអ្នកដឹកនាំត្រូវមានជំរុញតស៊ូ មិនខ្លាចពីការលំបាក ចិត្តនឹងនរ មិន ត្រូវឆេវឆាវ ខុសបែបបទ ចេះទ្រាំរាល់ពាក្យតូច ពាក្យធំ ស្រាយបញ្ហាដោយប្រើគតិបណ្ឌិតនិងអហិង្សាធម៌។
  • “ជាគរយៈ” មានន័យថា សេចក្តីភ្ញាក់រលឹករឿយៗ ពោលអ្នកដឹកនាំត្រូវមានគំនិតកែប្រែនូវឥរិយាបថទាំង ឡាយណាដែលខ្លួនប្រព្រឹត្តិទៅខុសឆ្គង គប្បីកុំនៅតែបំពានលើខុស។ ជាពិសេសត្រូវតែរក្សានូវទស្សនទាន ដែលខ្លួនបាននិយាយ បានសន្យារួចជាមួយអ្នកនៅក្រោមបង្គាប់បញ្ជាក្រោមការគ្រប់គ្រងរបស់ខ្លួនអោយ បាន។
  • “ឧដ្ឋានៈ” មានន័យថា សេចក្តីឧស្សាហ៍ខ្នះខ្នែង។ គឺបានសេចក្តីថា អ្នកគ្រប់គ្រងត្រូវមានស្មារតីព្យាយាម គ្រប់ផ្នែកដូចជាសិក្សាស្រាវជ្រាវឯកសារ គ្រប់ជំពូករកវិធីដឹកនាំអោយឆ្ពោះទៅរកភាពរីកចំរើនកុំបីមាន គំនិតព្រងើយកន្តើយនឹងភារកិច្ច ត្រូវស្ទុះស្ទា ស្រវាស្រទេញចាត់ចែងការងារកុំអោយអសកម្ម ត្រូវតែបន្តការ ស្វែងយល់ឥតឈប់ឈរពីតំរូវការសមស្រប រឺបញ្ហានានាដែលចោទឡើងចំពោះអ្នកក្រោមការដឹកនាំខ្លួន។
  • “សំវិភាគៈ” មានន័យថាការចែករំលែក រឺការរំលែកនូវវត្ថុផ្សេងៗដល់អ្នកក្រោមការគ្រប់គ្រងខ្លួន។ ពោលគឺ ចង់និយាយថាអ្នកដឹកនាំកុំបីមានគំនិតសម្ងំសោយសុខលើគំនរបុណ្យសក្តិ ទ្រព្យសម្បត្តិតែម្នាក់ឯង ត្រូវ ចេះផ្តល់នូវសេចក្តីសុខ ប្រយោជន៍ដល់អ្នកដទៃ អោយទទួលបាននូវភាពសុខសាន្តទាំងផ្លូវកាយ ផ្លូវចិត្ត ដូចខ្លួនផង។
  • “ទយា” មានន័យថា សេចក្តីអាណិតអាសូរត្រាប្រណីគេ។ គឺបានសេចក្តីថា អ្នកដឹកនាំត្រូវរក្សានូវគំនិតឈឺ ឆ្អាលរាល់សុខទុក្ខអ្នកក្រោមការត្រួតត្រាខ្លួន កុំមានគំនិតគុំគួនខុសដៃយកដៃ ខុសជើងយកជើង ត្រូវមាន គំនិតយោគយល់អនុគ្រោះឈរលើគតិយុត្តិធម៌ និងភាពជាក់ស្តែងនៃអ្នកក្រោមឱវាទ រឺជាសហសេវិកខ្លួន។
  • “ឥក្ខណា” ការរំពៃមើលខុសត្រូវដល់ជនទូទៅ ពោលគឺបានសេចក្តីថា អ្នកដឹកនាំត្រូវចេះឃុំគ្រង រក្សាគាំពារ បុគ្គលនានាកុំអោយរងាកំព្រាគ្មានទីពឹង ត្រូវធ្វើការប្រមើលមើលអោយបានគ្រប់ជ្រុងជ្រោយ សុខទុក្ខអ្នក ដទៃកុំអោយរំលងដោយយកចិត្តទុកដាក់ និងមើលឃើញតែអ្នកដែលក្បែរខ្លួនមួយចំនួនតូចប៉ុណ្ណោះ។