Skip to content

អក្សរសាស្រ្ត

ហេតុអ្វី​បានជា និយាយាថា វប្បធម៌​ឥណ្ឌា ជាធាតុសំខាន់ នៃការបង្កើត វប្បធម៌ខ្មែរនោះ? ចូរលើកចំនុចនានា ដែលវប្បធម៌ឥណ្ឌា កប់ក្នុង វប្បធម៌ខ្មែរ ។

មូលហតុដែល និយាយថា វប្បធម៌ឥណ្ឌាជា ធាតុសំខាន់ នៃការបង្កើតវប្បធម៌ខ្មែរ គឺនៅត្រង់ វប្បធម៌នេះហើយ ដែលធ្វើ​អោយខែ្មរ :

  • កើតមានការគោរពព្រហ្មញ្ញសាសនា ពុទ្ធសាសនា ក្នុងប្រទេស ដែលមាន រូប​បដិមាករ​សេសសល់​ដល់​សព្វ ថ្ងៃនេះ ។
  • កើតមាន ពិធីទេវរាជ តំរូវអោយមាន ការសាងសង់ ប្រាសាទភ្នំ
  • កើតមាន ពិធីបុណ្យផ្សេងៗមាន ភ្ជុំបិណ្ឌ កឋិន ពិធីទុកដាក់សព កោរជុក​ ជឿលើអាត្ម័ន គោរពមេបា។
  • មានភាសា​​និយាយ ខ្លះលាយឡំ ដោយភាសា បាលីសំស្រ្កឹត រៀបចំប្រទេស បែប​លទ្ធិរាជា​និយម រៀប​ចំ​ការគ្រប់គ្រង សង្គម ប្រើ​នយោបាយ​ដឹកនាំ ​ដូចឥណ្ឌា លើក​តំកើង​ស្តេច ជាអវតារ បែបហិណ្ឌូ។
  • បង្កើត​អក្សរ​សិល្ប៍រឿង រាមកេរ្ត៍ ដែល​មាន ទំនាក់ទំនង ដូចរឿង រាមយណៈ

 

ចូរប្រៀបធៀប លក្ខណ:ខុសគ្នា រវាង​ភាសា និងអក្សរសាស្រ្ត

១. លក្ខណ:ដូចគ្នា

  • កកើតចេញពីមនុស្ស ។
  • ប្រើជាសញ្ញាសំគាល់ក្នុងការទាក់ទងគ្នា។
  • ប្រើជាមធ្យោបាយសំរាប់លាតត្រដាងមនោសញ្ចេតនា គំនិត អារម្មណ៍ក្នុងទំនាក់ទំនង ការរាប់អានជាដើម ។
  • ផ្សារភ្ជាប់ជីវិតសង្គម និង មនុស្ស។
  • ជាអ្នកបំរើ និង ឆ្លុះបញ្ចាំងសង្គមតាមជំនាន់ និងសម័យកាលនីមួយៗ ។
  • មិនរើសអើង ឬ បែងចែងវណ្ណ: ឬ ឋាន:ក្នុងការបំរើមនុស្សណាម្នាក់ឡើយជាដើម។

២. លក្ខណ:ខុសគ្នា

ក. ផ្នែកភាសា

  • យកសំលេងនិយាយជាសញ្ញា
  • បង្ហាញឱ្យឃើញពីវិធីឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត និង បញ្ចេញសំលេងឱ្យមានវគ្គឃ្លា
  • អាចនិយាយឱ្យគេបានដឹង ឬ លឺតាមការនិយាយដោយគ្មានអ្វីជាអំណះអំណាង
  • មនុស្សអាចនិយាយបានមិនបាច់រៀនតាមសាលារៀនឬវត្តអារាមទេគឹសង្គមជាអ្នកបង្ហាត់បង្រៀន

ខ. ផ្នែកអក្សរសាស្រ្ត

  • យកគំនូរ អក្សរជាសញ្ញា
  • បង្កើតឱ្យមានក្បួន ច្បាប់ និង វិធីប្រើប្រាស់គំនូសនោះឱ្យបានត្រឹមត្រូវ
  • អក្សរសាស្រ្តគឺជាអ្នកអាចរក្សាររាល់សំដី (ភាសា) ឱ្យបានយូអង្វែង ពីសម័យកាលមួយទៅ សម័យកាលមួយទៀតដោយមិនចាំបាច់ត្រូវការជួបសំភាសគ្នាផ្ទាល់
  • ត្រូវទៅសិក្សារៀនសូត្រតាមសាលា ឬ វត្តអារាម ទើបអាចមានចំណេះដឹង។

អក្សរសាស្រ្តជាអ្វី? ហេតុអ្វីចាំបាច់មានអក្សរសាស្រ្ត?

អក្សរសាស្រ្ត គឺជាវិជ្ជាអក្សរក្បួនប្រាប់វិធីនៃអក្សរក្នុងការសរសេរឱ្យបានត្រឹមត្រូវ ភាសាណាមួយ ឬមានន័យថា អក្សរគឺជាក្បួនខ្នាតរឺជាវិជ្ជាមួយ សិក្សាអំពីរបៀប និង វិធីប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ហាញសតិអារម្មណ៍ លាតត្រដាងមនោសញ្ចេតនា ទស្សន និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត ដោយរៀបចំតាក់តែងពាក្យពេចន៍ឱ្យពិរោះ ធ្វើឱ្យអ្នកអានជក់ចិត្ត មានអារម្មណ៍ហាក់ដូចជាស្ថិតនៅក្នុងព្រឹត្តការណ៍នៃរឿងទាំងនោះជាប់ជានិច្ច។ ដូចនេះអក្សរសាស្រ្ត គឺការផ្សព្វផ្សាយមនោសញ្ចេតនា បណ្តុះគំនិត បង្កើតការអប់រំមនុស្ស ខាងស្មារតី និងសតិអារម្មណ៍ ក៏ដូចជាបណ្តុះនូវសីលធម៌ដែរ ។

អក្សរសាស្រ្តមានតួនាទីបូកសរុប និង កត់ត្រាបណ្តាបាតុភូតនានារបស់សង្គមមនុស្ស នូវគំនិតជឿនលឿន  អន់ថយរបស់របស់សង្គម ក្នុងសមយ័កាលនីមួយៗ។

ភាសាជាអ្វី​?​ ហេតុអ្វីចាំបាច់មានភាសា?

ភាសា គីជាពាក្យសំដីដែលមនុស្ស ឬ សត្វនិយាយជាសំឡេងចេញមកក្រៅ ឬ អាចនិយាយបានថា ភាសាជាឧបករណ៍ម្យ៉ាងដែលមនុស្សប្រើជាមធ្យោបាយ ដើម្បីធ្វើការលាតត្រដាងមនោសញ្ចេតនា គំនិត អារម្មណ៍ក្នុងទំនាក់ទំនង ការរាប់អាន ពិភាក្សាប្តូរយោបល់ ព្រមទាំងផ្តល់បទពិសោធ ចំណេះដឹងឱ្យគ្នាទៅវិញទោមក។ ជាការពិតណាស់ ភាសា អាចជាបាតុភូតដែលត្រូវតែកើតមានឡើង នៅក្នុងសង្គម ដើម្បីបង្ហាញមនោសញ្ចេតនា បទពិសោធចំនេះដឹង ស្មារតីច្នៃប្រឌិតទំនួលខុសត្រូវរបស់ខ្លួន ទៅមនុស្សផ្សេងទៀតក្នុងទង្វើរពលកម្មជីវិត។

កត្តាចាំបាច់ដែលត្រូវមានភាសា ព្រោះភាសាផ្សារភ្ជាប់ទៅនិងជីវិតសង្គមនឹងមនុស្សដែលជាអ្នក  ពាំនាំភាសា ភាសាក៏ជាអ្នកបំរើ និង ឆ្លុះបញ្ចាំងសង្គម។បើគ្មានភាសាមនុស្សក៏មិនអាចមានផលិតផល គ្មានការវិវត្តជឿនលឿនបានឡើយ។ បើគ្មានសង្គម គឺ គ្មានភាសា ។ បើសង្គមជឿនលឿន គឺភាសាក៏ជឿនលឿនដែរ។